ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងកសិកម្មជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ុយរូហ្គាយ

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងនារសៀល ម៉ោង៣រសៀលថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យលោកស្រី Elsa Nury Bauzan Benzanoឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្គាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងគូឡាឡាំពួរចូល ជួបសម្តែងការគួរសម ពិភាក្សាការងារ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្ម ។

លោករដ្ឋមន្ត្រីសូមស្វាគមន៍ចំពោះវត្តមានរបស់លោកស្រីដែលបានទទួលភារ កិច្ចបន្ថែមលើ ការទូតនៅព្រះរាជាណាចក្រ កម្ពុជានាពេលនេះ ហើយបានជម្រាបជូនលោកស្រីជ្រាបអំពីស្ថានភាពទូទៅនៅ កម្ពុជារួមទាំងការរីកចម្រើនសេដ្ឋកិច្ចជាតិ របស់កម្ពុជា ដែលបានកើតចេញពីប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម គ្រប ដណ្តប់ទូទាំងប្រទេស និងការទទួលបាន វឌ្ឍនភាពនៃវិស័យកសិកម្មយ៉ាងល្អ ប្រសើរ និងគួរជាទីមោទនក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។

លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ពី សក្តានុពលនៃវិស័យកសិកម្មកម្ពុជា ។ បច្ចុប្បន្នផលិតផលកសិកម្មមិនត្រឹមតែ សម្រាប់ផ្គត់ផ្គងសន្តិសុខស្បៀងក្នុង ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ធ្វើពាណិជ្ជកម្ម និងការនាំចេញផងដែរ ។

ក្នុងការជួបសំណេះសំណាលនេះ លោកស្រីឯកអគ្គរដ្ឋទូត អ៊ុយ រ៉ូហ្គាយ បានបង្ហាញពីសក្តានុពលវិស័យកសិកម្មអ៊ុយរ៉ូហ្គាយ ជាពិសេសការចិញ្ចឹមគោយកសាច់ និងទឹកដោះជាលក្ខណៈពាណិជ្ជកម្ម ។

ទន្ទឹមនឹងនេះភាគីទាំងពីរមានក្តីសង្ឃឹមនិងជឿជាក់ថា នឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដើម្បីអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ការធ្វើទស្សនកិច្ចរបស់មន្រ្តីជំនាញនិងការធ្វើ​ពាណិជ្ជកម្មរួមគ្នា ។

ជំនួបពិភាក្សានេះត្រូវបានបញ្ចប់ក្នុង មានលក្ខណៈស្និទ្ធស្នាលមិត្តភាពនិងសហ ប្រតិបត្តិការល្អ ៕ សូរិយា


ចែករំលែក៖