ខេត្តកំពង់ចាម៖ បេក្ខជនតំណាងរាស្រ្តវ័យក្មេងមកពីគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តកំពង់ចាម លោក ស្លេះ ពុនយ៉ាមីន ជាប្រធានសម្ព័ន្ធយុវជនមូស្លីមកម្ពុជា សាខាខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ដល់គណៈអ៊ីមាំ (គណៈកម្មការព្រះវិហារអ៊ិស្លាម) នៃភូមិចំនួន៣២ ក្នុង ខេត្តកំពង់ចាម ព្រមទាំងផ្តល់ថវិកា ៣០ម៉ឺនរៀល ជូនព្រះវិហារនីមួយៗ ទាំង៣២ វិហារសរុបថវិកាអស់ចំនួន ៩,៦០០,០០០រៀល ដោយមានគណៈអ៊ីមាំចូលរួមជាង១០០នាក់ចូលរួម កាលពីរសៀលថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។
ក្នុងជំនួបសំណេះសំណាល នេះបេក្ខជនតំណាងរាស្រ្តវ័យក្មេងខ្មែរអ៊ិស្លាមខាងលើ ក៏បានអំពាវនាវទៅកាន់តំណាងគណៈអ៊ីមាំ ដែលអញ្ជើញមកទទួលថវិកាសម្រាប់ចាត់ចែង ពិធីទទួលទានបួសរ៉ាម៉ាឌនថា ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គឺជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់គ្រប់រូប គ្រប់ស្រទាប់វណ្ណៈ ឋានៈ និងជាតិសាសន៍ ដែលមានសញ្ជាតិកម្ពុជា ហេតុនេះ សូមបងប្អូនបុព្វជិក គណៈអ៊ីម៉ាំ (គណៈគ្រប់គ្រងព្រះវិហារ) ព្រះវិហារ និងប្រជាពលរដ្ឋនៅចំណុះវិហារតាមមូលដ្ឋាន សូមផ្តោតការយកចិត្តទុកដាក់ត្រៀមខ្លួន ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាកុំបីខាន ព្រោះនេះជាសិទ្ធិសម្រេចជ្រើសរើសមេដឹកនាំ ប្រទេសដ៏ល្អរបស់យើង។ សន្លឹកឆ្នោតមួយសន្លឹករបស់បងប្អូន គឺជាការសម្រេចជោគវាសនារបស់បងប្អូន ហើយការដែលបងប្អូនបានរួមរស់នៅក្រោមម្លប់សន្តិភាព សុខដុមបនីយកម្មដល់សព្វថ្ងៃ ក៏ព្រោះតែបងប្អូនបានសម្រេចចិត្តជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ មានសមត្ថភាពផ្តល់ភាពកក់ក្តៅ និងសន្តិភាពជូនបងប្អូនដល់សព្វថ្ងៃ។
លោកបន្តថា សូមឲ្យការសម្រេចចិត្តដ៏ត្រឹមត្រូវនេះបន្តនៅជាមួយបងប្អូន ជារៀងរហូតហើយកុំចាញ់បោកការឃោសនាបោកប្រាស់របស់បណ្តាបក្សប្រឆាំងណា ដែលសូម្បីបទពិសោធន៍ក្នុងឆាកជីវិត ការលះបង់ដើម្បីជាតិ មាតុភូមិ ក៏ពុំមាន ដែរនោះ។ ដូច្នេះល្មមបងប្អូនឆ្អែតហើយ រាល់ទង្វើដែលធ្វើមកលើបងប្អូននោះ៕ សំរិត