ភ្នំពេញ៖ តារាសម្តែងតំណែងតួកាច លោក ថេ ឆាលី ចាប់ផ្តើមលេចមុខមាត់ក្នុងភាពយន្តជាច្រើនបន្តបន្ទាប់ក្រោយពីប្រឡូកសិល្បៈជិតមួយទសវត្សរ៍។ ព្រោះតែការមើលងាយពីអ្នកក្នុងចង្កោមសិល្បៈមួយចំនួនបានជំរុញឲ្យលោកកាន់តែមានទឹកចិត្តជន្នះពាក្យនិន្ទាទាំងនោះរហូតទទួលបានការកោតសរសើរពីផលិតករជាច្រើន ។
ក្រោយពីបញ្ចប់ការចូលរួមប្រកួតក្នុងកម្មវិធីប្រុសស្អាតប្រីស្តុនឆ្នាំ២០១០ ថេ ឆាលី បានតស៊ូក្រាញននៀលក្នុងអាជីពជាអ្នកសិល្បៈ បើទោះបីជាការចេញសម្តែងភាពយន្តដំបូងមានការខ្វះខាតបទពិសោធន៍សម្តែង និងរងការមើលងាយពីសំណាក់អ្នកសិល្បៈដូចគ្នាំមួយចំនួនតូចក្តី។
លោកថា ពេលខ្លះខឹង ពេលខ្លះតូចិត្តនឹងពាក្យមើលងាយមនុស្សដូចគ្នា ប៉ុន្តែលោកបានយកពាក្យមើលងាយ ដើម្បីជំរុញទឹកចិត្តខ្លួនឯងឲ្យខិតខំតស៊ូប្រឡូកក្នុងអាជីពនេះបើទោះបីជាពេលនេះលោកមិនទទួលបានលទ្ធផលល្អប្រសើរខ្លាំងប៉ុន្តែលោកក៏ទទួលបានការគាំទ្រទទួលស្គាល់ពីផលិតករជាច្រើនផលិតកម្មផងដែរ ។
តារានិយមសម្តែងតួបងធំរូបនេះលើកឡើងថា មានភាពយន្តភាគ និងភាពយន្តខ្នាតធំប្រមាណជាង២០រឿងហើយដែលលោកបានចូលរួមសម្តែង ហើយភាពយន្តដែលទទួលបានការគាំទ្រច្រើនមានដូចជារឿង “ទុំទាវឆ្លងភព”“កំហឹងអ្នកស្រុក”“សម្បថនិស្ស័យ”“ផ្ការីកក្នុងចិត្ត”ជាដើម ។ បច្ចុប្បន្នលោកកំពុងថតភាពយន្តភាគថ្មីរបស់ផលិតកម្មLD Pictureគឺរឿង”គូស្នេហ៍បំរុង”រឿង“ម្ចាស់ព្រៃ”របសផលិតកម្មមរតកភាពយន្តនិងរឿង”សព្វសិទ្ធិ”ដែលនឹងចាប់ផ្តើម ក្រុងពាលីថ្ងៃទី០២ខែឧសភាខាងមុខនេះ ។
តារាសម្តែងវ័យ៣០ឆ្នាំរូបនេះលើកឡើងដែរថា នឹងប្រើសមត្ថភាព ទេពកោសល្យ ភាពស្មោះត្រង់ និងការគោរពេលវេលា ជាទុន ដើម្បីបន្តដើរលើវិថីមួយនេះ។ លោកថាដោយសារទឹកចិត្តស្រលាញ់ការងារសិល្បៈលោកនឹងនៅតែបន្តការប្រឹងប្រែងបន្តទៀតបើទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្តី៕ វឌ្ឍនា