ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើអធិបញ្ជាឲ្យសាលាដំបូងរាជធានីចាត់ការ សម រង្សុី រឿងថាព្រះរាជសារព្រះមហាក្សត្រក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានធ្វើអធិបញ្ជាឲ្យតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ចំពោះលោក សម រង្ស៊ី ដែលប្រមាថព្រះ មហាក្សត្ររឿងព្រះរាជសារក្លែងក្លាយ ។

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួង យុត្តិធម៌បានឲ្យដឹងថា នៅពេលនេះលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជាឱ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ចំពោះករណីនេះហើយ ។

តាមការអះអាងរបស់អ្នកនាំពាក្យតាមបណ្តាញសង្គមថាការធ្វើអធិបញ្ជារបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដើម្បីការពារព្រះចេស្តាអង្គព្រះមហាក្សត្រស្របតាម ស្មារតីរដ្ឋធម្មនុញ្ញនិងច្បាប់កម្ពុជា ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានធ្វើអធិបញ្ជាឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការតាមច្បាប់ចំពោះ ទង្វើទណ្ឌិត សម រង្ស៊ី ប្រមាថចំពោះអង្គព្រះ មហាក្សត្រតាំងពីថ្ងៃសុក្រសប្តាហ៍មុន ។

សូមជម្រាបថា វិធានការរបស់លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌នាពេលនេះបានធ្វើឡើងស្របពេលដែលមានការងើបទាមទារឱ្យតុលាការកម្ពុជាចាត់វិធានការឱ្យបានម៉ឺងម៉ាត់តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី មេ ចលនាសង្គ្រោះជាតិដែលបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជា ពលរដ្ឋទៅបោះឆ្នោតនាចុងខែកក្កដាខាងមុខនោះជាព្រះរាជសារក្លែងក្លាយនិងគ្មានតម្លៃទោះបីជាព្រះបរមរាជវាំងចេញមុខ ប្រកាសថា ព្រះរាជសារនោះជាព្រះរាជសារ ពិតប្រាកដមិនក្លែងក្លាយក៏ដោយ ។

យ៉ាងណាក្តីអ្នកនយោបាយវ័យក្មេងបានស្នើដល់អ្នកនយោបាយទាំងអស់សូមកុំយកស្ថាប័នព្រះមហាក្សត្រមកលាយឡំ នឹងឆាកនយោបាយ ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា «ដើម្បីលើកតម្កើងនូវព្រះមហាក្សត្រខ្មែរយើងខ្ញុំសូមស្នើសុំដល់អ្នកនយោបាយទាំងអស់មេត្តាកុំយកព្រះអង្គមកលាយឡំនៅ ក្នុងឆាកនយោបាយអី គឺយើងត្រូវតែតម្កល់ព្រះអង្គជាព្រះរាជតំណាងប្រទេសកម្ពុជា នៃយើងទាំងអស់គ្នា។ ក្នុងន័យនេះសូមបង ប្អូនជនរួមជាតិខ្មែរគ្រប់និន្នាការទាំងអស់ រួមគ្នាថែរក្សារាជបល្ល័ង្កអង្គព្រះមហាក្សត្រ របស់យើងទាំងអស់គ្នាជានិច្ចនិរន្តរ៍» ។

យ៉ាងណាក្តីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានសរសេរ លើបណ្តាញសង្គមហ្វេសប៊ុកមិនបានទទួលស្គាល់ថា លោកបានប្រមាថព្រះមហាក្សត្រ នោះទេដោយលោកបានដាក់កំហុសទៅ លើសម្តេចតេជោថា ជាអ្នកប្រមាថព្រះ មហាក្សត្រទៅវិញ ។

លោកបានសរសេរលើបណ្តាញសង្គមបញ្ជាក់យ៉ាងដូច្នេះថា «គ្មាននរណាមាក់ងាយព្រះមហាក្សត្រជាងជនផ្តាច់ការលោក ហ៊ុន សែនទេ ដែលជេរប្រមាថ និង គំរាមកំហែងព្រះមហាក្សត្រតាំងពីយូរឆ្នាំ មកហើយ ព្រមទាំងយកព្រះមហាក្សត្រ ប្រើជាខែលដើម្បីបន្តអំណាចផ្តាច់ការរបស់គាត់។ ដោយដឹងថា របបគាត់មិនមានការគាំទ្រពីប្រជារាស្ត្រ ហើយក៏មិនមានភាព ស្របច្បាប់តែមួយគត់ដែលមានតម្លៃពិតប្រាកដគឺការគាំទ្រពីប្រជារាស្ត្រនេះតែម្តង គាត់ក៏យកព្រះមហាក្សត្រដែលស្ថិតក្នុង កណ្តាប់ដៃគាត់ទៅប្រើដើម្បីបានភាពស្របច្បាប់ក្លែងក្លាយមួយឲ្យទៅរបបផ្តាច់ការ របស់គាត់»។

លោកបានបន្តថា ចុងក្រោយនេះសម្តេចតេជោបានឲ្យបក្ខពួកគាត់រៀបចំច្បាប់ប្រមាថព្រះមហាក្សត្រគ្រាន់តែដើម្បីយក មកធ្វើជាលេសក្នុងគោលបំណងបង្ក្រាបប្រជារាស្ត្រដែលទាមទារលទ្ធិប្រជាធិប តេយ្យ សេរីភាព និងយុត្តិធម៌ ៕ ហេង សូរិយា


ចែករំលែក៖