ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី ៩ឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ថ្ងៃទី ៣ កក្កដា ២០០៩-២០១៨ និងឆ្នាំបញ្ចប់ការអនុវត្តដោយជោគជ័យនៃយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ក៏បានអនុវត្តដោយជោគជ័យក្នុងរយៈពេល ៥ឆ្នាំ លោក វង សូត ក្នុងនាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សូមគោរពថ្លែងអំណរគុណ និងដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ដល់សុខុមាលភាពជនមានពិការភាពគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ជាសក្ខីភាព ការរើសអើងជនមានពិការភាពត្រូវបានកាត់បន្ថយយ៉ាងច្រើន ការយកចិត្តទុកដាក់អាណិតស្រលាញ់ ក៏ត្រូវបានផ្តល់ដល់ជនមានពិការភាពពីគ្រប់មជ្ឈដ្ឋាន។
ស្ថានភាពរស់នៅរបស់ជនមានពិការភាពក៏ត្រូវបានមានការវិវឌ្ឍន៍ រស់នៅដោយសមរម្យ។ ការព្យាបាលសុខភាពជនមានពិការគឺជាបន្ទុករបស់រដ្ឋ ការព្យាបាលកាយសម្បទា និងការផ្តល់ឧបករណ៍ស្តារកាយសម្បាទាសិប្បនិមិត្តក៏ត្រូវបានបើកផ្តល់ដោយរដ្ឋ។ ការសិក្សាអប់រំ ក៏ត្រូវបានដាក់បញ្ចូលក្នុងទៅក្នុងថ្នាក់សមាហរណ៍កម្ម។ កំណើនការងារនិងមុខរបររបស់ជនមានពិការភាពក៏បានលើកទឹកចិត្តខ្ពស់។ ការបង្ករលក្ខណៈងាយស្រួលដល់ជនមានពិការភាពក៏ត្រូវបានគិតគូរនិងកែសម្រួល។ល។
ក្នុងឱកាសដ៏ថ្លែថ្លានេះ លោកវង សូត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន សង្គមស៊ីវិល សារព័ត៌មានជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋទាំងអស់ ពិសេសជនមានពិការភាពទាំងអស់ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិនិងសុខុមាលភាពជនមានពិការភាពនៅកម្ពុជាឱ្យមានការរីកចំរើនដូចសព្វថ្ងៃ។
លោកវង សូតក៏បានចូលរួមអបអរសាទរពីវឌ្ឍនៈភាពដ៏វិសេសវិសាលនេះជាមួយជនមានពិការភាពនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕