ព័ត៌មានទាន់ហេតុការណ៍៖

អ៊ួន វ៉ាន់វីតា កុមារីកាន់តែលេចធ្លោរខ្លាំងក្នុងអាជីពសម្តែង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងវ័យក្មេងកុមារីអ៊ួន វ៉ាន់វីតា បានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងក្រោយពីនាងចូលរួមសម្តែងក្នុងភាពយន្តភាគរឿង ផ្កាថ្ម ដែលកំពុងផ្សាយលើកញ្ចក់ទូរទស្សន៍ហង្សមាស ។ នាងបានក្លាយជាតារាស្រីវ័យក្មេងដែលអាចក្តោមបានតំណែងសម្តែងក្នុងភាពយន្តជាច្រើនបន្តបន្ទាប់ ។

កុមារី វ៉ាន់វីតា បានចំណាយពេលអស់រយៈពេលជិត៤ឆ្នាំហើយដើម្បីចូលប្រឡូកក្នុងការងារសិល្បៈផ្នែកសម្តែងក្រោយពីនាងទទួលបានចំណាត់ថ្នាក់ជាកុមារីSmart Kid ក្នុងកម្មវិធីប្រឡងសមត្ថភាពកុមារកូដូម៉ូ២០១៤របស់ស្ថានីយទូរទស្សន៍មួយ ។ កុមារីវ័យ១២ឆ្នាំរូបនេះបានបញ្ជាក់ថា រហូតមកដល់ពេលនេះនាងទទួលបានឱកាសសម្តែងភាពយន្តមិនទាំងភាពយន្តធំ និងភាពយន្តភាគប្រមាណជាង១០រឿងមកហើយ ។ ពេលនេះភាពយន្តភាគរឿង ផ្កាថ្ម ដែលនាងសម្តែងជាតួឯកក្នុងវ័យកុមារកំពុងចាក់បញ្ចាំងនឹងទទួលបានការកោតសរសើរខ្លាំងពីទស្សនិកជន ហើយនាងពិតជារំភើបដែលទទួលបានឱកាសថតភាពយន្តនេះ និងភាពយន្តបន្ទាប់ជាច្រើនផងដែរ ។ នាងថាថ្មីៗនេះនាងក៏បានថតបញ្ចប់ភាពយន្តភាគរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥រឿង ទីយាទអសុរកាយ ផងដែរ ហើយនាងកំពុងតែថតភាពយន្តបែបបុរាណថ្មីមួយគឺរឿង សព្វសិទ្ធិ ។

សិស្សថ្នាក់ទី៧នៃវិទ្យាល័យសន្ធម៉ុករូបនេះលើកឡើងដែរថា ភាពយន្តដែលនាងសម្តែងលើកដំបូងគេគឺរឿង កិត្តិយស និងស្នេហា ហើយរឿងចុងក្រោយនេះគឺមានរឿងជាច្រើនពិសេសរឿង សសរកន្លោង របស់ផលិតកម្មឥន្ទ្រានិម្មិត ។ នាងថារឿងចុងក្រោយនេះជារឿងខ្នាតធំ និងទទួលបានការចាប់អារម្មណ៍ច្រើន ។

នាងថា ដោយសារការស្រឡាញ់ចូលចិត្ត និងការលើកទឹកចិត្តពីក្រុមគ្រួសារទើបសម្រេចចិត្តចូលសិល្បៈបើទោះបីជានាងគ្មានសាច់ញាតិបងប្អូនជាអ្នកសិល្បៈក្តី ។ ទោះបីជាមានវ័យក្មេងក្តីក៏តម្លៃនៃការថតភាពយន្តរបស់នាងក៏មិនធម្មតាដែរដែលក្នុងក្នុងមួយរឿងនាងទទួលបានតម្លៃខ្លួនមិនក្រោម៩០០ដុល្លារអារមិកទេ ។ នាងថាជាតួក្មេងស្រីកាចឆ្នាសឆ្នើម និងស្លូតបូតគឺនាងអាចសម្តែងបានទាំងអស់ប៉ុន្តែប្រភេទភាពយន្តដែលនាងសម្តែងបានល្អគឺជាក្មេងស្រីដែលអាចសម្រក់ទឹកភ្នែកបានហើយសមត្ថភាពនេះគឺអាចធ្វើឲ្យផលិតករ និងទស្សនិកជនសសើរច្រើន ។ អ្វីដែលនៅខ្វះខាតសម្រាប់នាងគឺសំឡេងរបស់នាងនៅមិនទាន់បានលឺច្បាស់ល្អគឺនៅក្មេងខ្ចីនៅឡើយដែលពេលខ្លះស្រែកមិនទាន់ដល់ ។ នាងរំពឹងដែរថា សមត្ថភាពសិល្បៈរបស់នាងនឹងអាចជួយឲ្យនាងលេចមុខមាត់ក្នុងពិភពសិល្បៈនៅថ្ងៃអនាគត៕  វឌ្ឍនា


ចែករំលែក៖