ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ នាឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបចំនួន ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ -សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់កម្មករ កម្មការិនីថា បើគណបក្សប្រជាជនឈ្នះឆ្នោតសម្តេចនៅតែបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី

–សម្តេចនៅតែរំពឹងថា បងប្អូនកម្មករ កម្មការិនី នៅតែបន្តបោះឆ្នោតគាំទ្រសម្តេច​ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

-តាមរយៈកម្មករ កម្មការិនី ក្នុងកិច្ចសំណេះសំណាលនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើនូវការអរគុណដល់ជីដូន ជីតា ឪពុកម្តាយរបស់ពួកគេ ដែលបានប្រឹងរួមគ្នាជួយដល់ជាតិជាមួយរាជរដ្ឋាភិបាល។

-សម្តេចតេជោបានថ្លែងថា៖ រថយន្តក្រុងបានដាក់ឲ្យដំណើរការមកដល់ស្រុកអង្គស្នួលហើយ ដូច្នេះកម្មករ កម្មការិនី អាចប្រើសេវារថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញនេះ ដោយឥតគិតថ្លៃយ៉ាងហោចណាស់២ឆ្នាំបន្តទៀត។

-សម្តេចតេជោថ្លែងថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង កំពុងពិចារណាតភ្ជាប់រថយន្តក្រុងចេញទៅក្រៅរាជធានីភ្នំពេញ ជាពិសេសតាមតំបន់រោងចក្រ ដើម្បីឲ្យកម្មករ កម្មការិនី អាចប្រើរថយន្តក្រុងនេះដោយឥតគិតថ្លៃ។

-សម្តេចនាយករដ្ឋមន្ត្រី​បានថ្លែងថា កម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាល ហើយសម្តេចផ្ទាល់តែបង្ហាញវត្តមាន នៅគ្រប់ដំណាក់កាល ក្នុងពេលប្រទេសជួបវិបត្តិ, ។

-សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចបានប្រឹងប្រែងតាំងពីប្រទេសខ្វះអង្ករបរិភោគ រហូតក្លាយជាប្រទេសសល់ស្រូវ និងនាំអង្ករចេញទៅក្រៅប្រទេស, ។

-សម្តេចតេជោថ្លែងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងពង្រាយរោងចក្រស្ករស រោងចក្រដំឡូងមី ដើម្បីប្រមូលទិញអំពៅ ទិញដំឡូងរបស់ប្រជាជកសិករ ហើយរាជរដ្ឋាភិបាលក៏បានវិនិយោគលើម៉ាស៊ីនកិនស្រូវ និងទម្លាក់ទុនសម្រាប់ទិញ ស្រូវរបស់ពលរដ្ឋ។

-សម្តេចតេជោគូសបញ្ជាក់ថា ៖រាជរដ្ឋាភិបាលបានប្រឹងប្រែងណាស់ ក្នុងការលើកកម្ពស់វិស័យកសិកម្មនេះ, កសិកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្នមិនមែនជាកសិកម្មរបប ប៉ុល ពត នោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ឧស្សាហកម្មកែច្នៃសម្រាប់កែច្នៃកសិផលរបស់កម្ពុជាសម្រាប់នាំទៅក្រៅប្រទេស។

-សម្តេចតេជោបានបញ្ជាក់ថា ក្នុងដំណាក់កាលគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច មិនមាននយោបាយយកពន្ធលើដីស្រែរបស់ប្រជាកសិករនោះទេ,

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖ឧស្សាហកម្មនៅក្នុងសម័យសង្គមរាស្ត្រនិយមមានការរីកចម្រើន ប៉ុន្តែត្រូវបានបំផ្លាញព្រោះតែភ្លើងសង្គ្រាម ជាពិសេសនៅក្រោយថ្ងៃរដ្ឋប្រហារ ១៨ មីនា ១៩៧០។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នរោងចក្រ សហគ្រាស ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមានជាង១០០រោងចក្រ សហគ្រាស មានកម្មករ កម្មការិនីរហូតដល់ជាង៨០ម៉ឺននាក់,

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីនាំប្រទេសមកដល់ដំណាក់កាលដូចពេលបច្ចុប្បន្ន គឺត្រូវពឹងផ្អែកសំខាន់លើកត្តាសន្តិភាព, សន្តិភាពនេះ គឺជាការផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងអ្នកទេសចរ។

-សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យថៅកែរោងចក្រយកចិត្តទុកដាក់លើសុខទុក្ខរបស់កម្មករ ដោយការបង្កើតកន្លែងហូបបាយឲ្យបានសមរម្យ និងកន្លែងព្យាលបាលផ្សេងៗ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖កម្ពុជាជាប្រទេសបន្សល់ទុកនូវស្ត្រីមេម៉ាយ និងកុមារកំព្រាច្រើន ដោយសារតែភ្លើងសង្គ្រាម, ។

-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកមានផ្ទុកមេរោគអេដស៍កុំបន្តចម្លងទៅអ្នកដទៃ, ការអំពាវនាវនេះបន្ទាប់ពីបានមើលឃើញសញ្ញាណកម្រើកឡើងវិញ នៃការកើតមេរោគអេសដ៍ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖សហជីពមួយចំនួនបើមិនដង្ហែក្បួនបាតុកម្មទេនោះ នឹងមិនទទួលបានថវិកាពីបរទេស,។

-សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា៖ កម្ពុជារីកលូតលាស់ទៅមុខ ឬអត់ គឺចំណុះទៅលើប្រជាពលរដ្ឋ តើបោះឆ្នោតជូនគណបក្សប្រជាជនឬអត់?

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រៅពីចុះជួបកម្មករ កម្មការិនីនៅក្នុងវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងហើយនោះ នៅមានកម្មករ កម្មការិនីក្នុងវិស័យដទៃទៀត ដូចជាវិស័យសំណង់ សណ្ឋាគារជាដើម,

-សម្តេចតេជោបានថ្លែងថា សម្តេចនឹងបញ្ចប់ការងារនៅពេលមានគណបក្សដទៃឈ្នះឆ្នោត តែសម្តេចជឿថា គ្មានគណបក្សនយោបាយណាអាចប្រជែងយកឈ្នះ ជាមួយគណបក្សប្រជាជនកម្ពុជាបានឡើយ។

-សម្តេចបានបញ្ចប់នូវការថ្លែងសុន្ទរកថា នៅវេលាម៉ោង៩ និង១៤ នាទីមុននេះ៕


ចែករំលែក៖