ខេត្តព្រះវិហារៈ គ្រួសារមួយដែលប្រសូតបានកូនភ្លោះ៣ បានទទួលការសាកសួរសុខទុក្ខនិងផ្តល់អំណោយពីលោក សេង ទៀង ទីប្រឹក្សាផ្ទាល់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ដែលយកមកជូនដល់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារផ្ទាល់ ។
ការចុះសួរសុខទុក្ខនេះ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ រួមជាមួយលោកស្រី ចឹក ហេង អភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត នាព្រឹក ថ្ងៃ សុក្រ ៩ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងមន្ទីរពេទ្យ១៦មករា សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះដែរ លោក សេង ទៀង បានសំដែងនូវការសារទររីករាយ ចំពោះគ្រួសារប្រជាពលរដ្ឋដែលប្រសូតបានកូនភ្លោះ៣ ហើយថែមទាំងមានសុខភាពល្អ ទាំងម្តាយទាំងកូនថែមទៀត ។ លោកក៏បានណែនាំឲ្យក្រុមគ្រួសារកូនភ្លោះ៣នាក់នេះ ត្រូវយកចិត្តទុកដាក់ថែទាំកូនឲ្យបានល្អ និងបានថ្លែងនូវការអរគុណដល់ក្រុមគ្រូពេទ្យ ដែលខិតខំប្រសូតកូនភ្លោះទាំង៣នេះ បានទទួលជោគជ័យ និងទទួលបានសុខភាពល្អ ។
ជាមួយគ្នានេះផងដែរ លោក សេង ទៀង ក៏បាននាំយកនូវអំណោយជាសម្ភារៈ និងថវិកាផ្ទាល់របស់សម្តេចតេជោ ចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគ យកទៅប្រគល់ជូនដល់ក្រុមគ្រួសារកូនភ្លោះទាំង៣នេះផងដែ ។
សូមបញ្ជាក់ថា កូនភ្លោះទាំង៣នេះ បានប្រសូត្រលើគ្រួសារ ប្រជាពលរដ្ឋរស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាពេលថ្មីៗនេះហើយនេះក៏ជាការប្រសូតកូនលើកទី៣ ដែលបានកូនភ្លោះ៣សុទ្ធតែប្រុសទាំងអស់ ។
ក្រុមគ្រួសារ ដែលប្រសូត្របានកូនភ្លោះ បន្ទាប់ពីបានទទួលអំណោយដ៏ថ្លៃថ្លានេះក៏បានថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេស ប្រជាពលរដ្ឋប្រសូតបានកូនភ្លោះ៣ សម្តេចទាំងពីរមិនដែលមើលរំលងឡើយ ៕ ប្រាថ្នា