ព័ត៌មានទាន់ហេតុការណ៍៖

លិខិតដែលកុមារជាប់ក្នុងរូងភ្នំសរសេរផ្ញើឪពុកម្តាយបានយកទឹកភ្នែកពលរដ្ឋថៃជាច្រើននាក់

ចែករំលែក៖

លិខិតលើកដំបូង ដែលក្រុមកីឡាករ កុមារថៃជាប់នៅក្នុងរូងភ្នំសរសេរផ្ញើឪពុកម្តាយ ជាលើកដំបូងបំផុត ដោយមានខ្លឹម សារ «កុំព្រួយ កូនមានសុខភាពល្អ» ផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់របស់ខ្លួន ដែលមិនដេកមិនហូបរង់ចាំកូនចេញមក វិញ។

ពលរដ្ឋថៃក៏ដូចជាជុំវិញពិភពលោក បានតាមគ្រប់វិនាទីពីសកម្មភាពប្រែប្រួលក្នុងការជួយរំដោះកុមារចេញពីរូងភ្នំថាមលួង។ តំបន់ដែលគ្រូសិស្សជាប់គាំង នៅក្រោមដី លិចទឹក និងងងឹត ប៉ុន្តែកាល ពីយប់ថ្ងៃទី៦ ខែកក្កដា ជាលើកទីមួយ ដែលកុមារសរសេរលិខិតផ្ញើទៅកាន់គ្រួសារ។ «កុំព្រួយ» គឺជាសម្ដីដែល កុមារ ក្លាហានផ្ញើទៅកាន់មនុស្សជាទីស្រឡាញ់ របស់ខ្លួនដែលកំពុងរង់ចាំ។

កុមារមួយរូបដែលមានរហស្សនាមថា Mik បានសរសេរនៅលើក្រដាសហើយ ត្រូវបានសមាជិកក្រុម SEAL បញ្ជូនទៅឲ្យគ្រួសារប្អូនដោយក្នុងនោះមានសេរសេរថា «កុំពួ្រយដល់កូន។ កូននឹកអ្នកគ្រប់គ្នា លោកតា មីង ម្តាយ ឪពុក និងមនុស្សគ្រប់ គ្នា។ កូនស្រឡាញ់អ្នកទាំងអស់គ្នា។ កូន មានសុខភាពល្អទេ សមាជិក ក្រុម SEAL ថៃកំពុងតែមើលថែកូនបានយ៉ាងល្អ។ កូន ស្រឡាញ់មនុស្សគ្រប់គ្នា»។

កុមារម្នាក់ទៀត ក៏បានសេរសេរនៅក្នុង នោះដែរថា «កូនប្រសើរទេ នៅទីនេះ ត្រជាក់បន្តិច តែសូមកុំព្រួយបារម្ភដល់កូន ហើយកុំភ្លេចរៀបចំពិធីខួបកំណើតកូនផងណា!»។

សរុបលិខិតសរសេរដៃ១៣សន្លឹកត្រូវបានក្រុម SEAL បញ្ជូនចេញមកក្រៅ ប្រគល់ទៅឲ្យគ្រួរសារ កុមារទាំងអស់។

ចំណែកគ្រូបង្វឹក អាយុ២៥ឆ្នាំ ដែល ជាប់នៅខាងក្នុង ក៏បានសរសេរលិខិតផ្ញើទៅកាន់ឪពុកម្តាយកុមារជាសិស្សទាំង១២រូប ដោយសន្យាថានឹងមើលថែប្អូនៗយ៉ាងល្អបំផុត។ គ្រូបង្វឹកក៏បានសុំទោសផងដែរ ដែលបានបញ្ជូនប្អូនៗចូលទៅកាន់ទីនោះ ហើយធ្លាក់ខ្លួនបែបនេះនោះ។

គ្រូបង្វឹកដែលជាប់ខាងក្នុង លោក Ekapol Chanthawong បានសរសេរលិខិត មួយបញ្ជាក់ថា« ក្មេងៗធ្វើបានល្អ ប្អូនៗ ទទួលបានការមើលថែពីក្រុមជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់។ ខ្ញុំសូមសន្យាថា នឹងមើលថែក្មេងៗឲ្យបានល្អបំផុត។ អរគុណអ្នកគ្រប់គ្នាដែលបានជួយជ្រោមជ្រែង ហើយសូមទទួលនូវការសុំទោស របស់ខ្ញុំផង»។

ក្រៅពីនេះ គ្រូបង្វឹកក៏បានសរសេរ លិខិតផ្ញើទៅកាន់គ្រួសារផងដែរ ដោយ សរសេរថា«សូមគោរពអ្នកមីង និងលោក យាយ ចៅបានបំពេញការងារដល់ក្មេងៗបានយ៉ាងល្អ។ សូមកុំបារម្ភដល់ចៅខ្លាំង ពេក សូមរក្សាសុខភាពផង។ សូមអ្នកមីង ប្រាប់លោកយាយផង ថាត្រៀមធ្វើទឹក ក្រឡុក និងអាហារសម្រាប់ចៅផងណា? ចៅនឹងហូបអាហារទាំងនោះពេលចាក ចេញពីរូងភ្នំ។ ចៅស្រឡាញ់គ្រប់គ្នា»។

ក្រុមជួយសង្គ្រោះជាង ១០០នាក់របស់ កម្លាំងទាហានជើងទឹកពិសេសថៃ SEAL បានធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីជួយដល់កុមារទាំងនោះចេញពីរូងភ្នំ។ អភិបាល ខេត្តឆៀងរ៉ៃ លោក Narongsak Osottanakorn អ្នកទទួលបន្ទុកជួយសង្គ្រោះ បានឲ្យ ដឹងថា «យើង និងក្រុមអ្នកឯកទេសមកពី ក្រៅប្រទេស បានពិភាក្សាយ៉ាងលម្អិត ពីគម្រោងជួយដល់កុមារ តាមរូបភាព ផ្សេងៗ។ ដូចអ្វីដែលខ្ញុំបានលើកឡើង ក្រុមកីឡាករចូលតាមផ្លូវណា គឺត្រូវចេញ ទៅវិញតាមផ្លូវនោះ។ ប៉ុន្តែយើងក៏បានខួងភ្នំជាបន្តទៀត មកទល់នឹងពេលនេះ យើងខួងជាង១០០កន្លែង ដោយប្រើ ម៉ាស៊ីនខួង១៨គ្រឿង ហើយសង្ឃឹមថា អាចទៅដល់កន្លែងកុមារដែលកំពុងជាប់គាំងនោះ។ រន្ធខួងជ្រៅបំផុត គឺ៤០០ម៉ែត្រ ប៉ុន្តែយើងមិនអាចប្រាកដបានថា វាទៅ ដល់កន្លែងក្មេងនោះឡើយ៕ ម៉ែវ សាធី


ចែករំលែក៖