ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូខ្វះប្រុងប្រយត្ន័បុកម៉ូតូមួយគ្រឿងទៀតពីក្រោយរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូ២គ្រឿងបុកស្របទិសគ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន កាលពីថ្ងៃសៅរ៍ ១០​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស. ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៨ វេលាម៉ោង ១០និង២០នាទីព្រឹក ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថាម៉ូតូ ដែលបង្កហេតុម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1E-3575 បើកបរដោយឈ្មោះ ម៉ុក ម៉ារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ វៀតណាម 70F9-4110 បើកបរដោយឈ្មោះ រស់ វ៉ាន់ធូ ភេទប្រុស អាយុ៤៨​​​ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ បើកបរដោយបុរសម្នាក់ដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើតខ្វះការប្រុងប្រយត្ន័ ស្រាប់តែទៅបុកអ្នកជិះម៉ូតូហុងដាវ៉េវ ទិសដៅស្របគ្នាពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចប្បន្នអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជួនទៅព្យាបាល នៅប្រទេសវៀតណាម រីឯមធ្យោបាយទាំង០២គ្រឿង សមត្ថកិច្ច យកមករក្សាទុក បណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖