ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងតារាចម្រៀងនិងជាអតីពលករ ឡេង ណាវ៉ាត្រា ជាឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖ អតីតពលករ និងជាតារាចម្រៀង លោកឡេង ភត្រា ហៅ ឡេង ណាវ៉ាត់ត្រា ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាឧកញ៉ាជាផ្លូវការហើយ។ ការត្រាស់បង្គាប់តែងតាំងជាឧកញ៉ាជាផ្លូវការនេះធ្វើឡើងក្រោយពី អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា បានចូលរួមបំពេញការងារមនុស្សធម៌ជួយដល់សង្គមជាហូរហែរកន្លងមក។

យោងតាម លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កាលពីសប្តាហ៍មុននេះ ត្រូវបានព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ជាឧកញ៉ា យោងតាមសេចក្តីក្រាបបង្គំ ទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ជារឿងល្អមួយសម្រាប់ ឧកញ៉ាចិត្តធម៌រូបនេះ សង្កេតឃើញថា ក្រោយពីបានទទួលការត្រាស់បង្គាប់តែងតាំង ជាផ្លូវការរួច មានការគាំទ្រខ្លាំង និងមានការចូលរួមអបអរច្រើន ព្រោះថាជានិច្ចកាលលោកឧកញ៉ា តែងបង្ហាញសកម្មភាពសប្បុរសធម៌ ជានិច្ច។

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy កន្លងមកបានបន្តការងារជួយសង្គមតាមធ្វើលោកបានសន្យារួមមានការចុះចែកអំណោយដល់ចាស់ជរា រួមនឹងការងារសង្គមជាច្រើន។អ្នកលេងហ្វេសប៊ុកជាច្រើនសុទ្ធតែបង្ហាញការចាប់អារម្មណ៍ ក្រោយពីរូបចែកអំណោយរបស់លោកត្រូវបានស្ដែងឡើងពីការបង្ហោះរបស់លោក និងអ្នកគាំទ្រ ដែលសកម្មភាពនេះបានបំផុសកាន់តែខ្លាំងអោយមានការចែករំលែកនៅក្នុងសង្គម។

កន្លងមកលោក ឡេង ណាវ៉ាត្រា បានអះអាងថា លោកគឺជាអតីតពលករនៅកូរ៉េ និងជាអតីតកម្មករ ដែលធ្លាប់មានជីវភាពមិនគ្រប់សូម្បីតែបាយបីពេល ដូច្នេះក្រោយពេលដែលលោកប្រែក្លាយជាអ្នកសិល្បៈម្នាក់ និងជាអ្នកជំនួញម្នាក់ លោកត្រូវតែប្រើអោយអស់ពីលទ្ធភាពដើម្បីចែករំលែក និងយកចិត្តទុកដាក់ចំពោះអ្នកមានខ្វះខាតនៅក្នុងសង្គម។កន្លងមកលោកតែងយកផលចំណេញពីការលក់ដី និងលក់បុរី យកលុយមកទិញជាសម្ភារៈ និងចាត់ចែងជាអំណោយ ជូនដល់កម្មករ និងគ្រួសារអ្នកក្រីក្រជាប្រចាំ ជាពិសេសនៅក្នុងសហគមន៍ដែលលោកបានឃើញពីការលំបាក និងមានការស្នើដោយមេភូមិ ឬម្ចាស់សហគមន៍ ដែលជួបផលវិបាក។ លោកក៏ធ្លាប់បានផ្ដល់ថវិការួមចំណែកដល់កាកបាទក្រហម និងជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីចូលរួមជាវិភាគទានជួយដល់សង្គមទាំងមូល។ លោកធ្លាប់លើកឡើងដែរថាមិនខ្លាចនឹងការចែករំលែកនូវអំណោយ និងក្ដីស្រឡាញ់ជូនដល់អ្នកតូចទាបជាងខ្លួននោះទេ ដោយសារតែពេលកន្លងមក លោកគឺជាបុគ្គលដែលបានធំធាត់ក្នុងត្រកូលអ្នកក្រខ្សត់ម្នាក់ ហើយយល់ពីការលំបាកដែលបានកើតឡើង។ ការទទួលងារឧកញ៉ាជាផ្លូវការនេះទទួលបានការសាទរខ្លាំងពីអ្នកក្នុងចង្កោមសិល្បៈ និងបណ្តាមហាជនជាច្រើន និងគាំទ្រថាលោកពិតជាសាកសមទទួលងារជាឧកញ៉ា ដែលបានចូលរួមចំណែកជួយសង្គមនិងយល់ចិត្តអ្នកក្រីក្រ៕ វឌ្ឍនា


ចែករំលែក៖