ព័ត៌មានទាន់ហេតុការណ៍៖

គណបក្ស​ប្រជាជន​កម្ពុជា ជួបជុំ ហែ​ក្បួន​ទ្រង់​ទាយ​ធំ លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃសៅរ៍ ២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ សមាជិក​-​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា រាប់ពាន់នាក់ បាន​ជួបជុំគ្នា​យ៉ាង​សប្បាយរីករាយ នៅ​បរិវេណ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដើម្បី​ចូលរួម​ក្បួន​យុទ្ធនាការ​ធំ​លើក​ទី​២ ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្បួន​យុទ្ធនា​ការឃោសនា​រក​សំឡេងគាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​បងប្អូន​លោកយាយ លោកតា អ៊ុំ ពូ មីង យុវជន យុវនារី ដែលជា​អ្នក​ស្រលាញ់ និង​ពេញចិត្ត​សន្តិភាព ដើម្បី​ចូលរួម​ប្រមូល​អ្នក​ចង់បាន​សន្តិភាព និង​ការអភិវឌ្ឍ ដោយ​គ្រាន់តែ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ នៅក្នុង​សន្លឹកឆ្នោត នឹង​ធានា​ជូន​បងប្អូន​បាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​បន្ត​ទៅមុខ​រហូត​តទៅ​។​

​ក្រោយ​ការជួបជុំ ក្បួន​ឃោសនាបោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក អ៊ិត សំហេង លោក ប៉ា សុជាតិ​វង្ស និង​លោក ឃួ​ង ស្រេង បាន​ហែ​ក្បួន​តាមផ្លូវ​នានា ក្នុង​រាជធានី​ភ្នំពេញ​។ រីឯ​សាខា​គណបក្ស​ប្រជាជន​កម្ពុជា តាម​ខណ្ឌ​នីមួយៗ ក៏បាន​ហែ​ក្បួន​ឃោសនា​តាម​មូលដ្ឋាន​របស់ខ្លួន ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា​នេះ​។​

​សូម​រម្លឹកថា ដំណើរការ​ឃោសនាបោះឆ្នោត បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ បន្ត​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ គណបក្សនយោបាយ​ទាំង ២០ ដែល​បាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត បានចេញ​ឃោសនា​តាម​មណ្ឌល​រាជធានី​ខេត្ត​ទូទាំងប្រទេស តាមរយៈ​ការជួបប្រជុំ ចែក​ខិត្តប័ណ្ណ ចាក់​មេក្រូ បញ្ចាំង​វិ​ដេ​អូ និង​ហែ​ក្បួន​ឃោសនា​តាមផ្លូវ ជាដើម​។​

​ជារួម គ​.​ជ​.​ប បានប្រកាសថា បរិយាកាស​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយ រហូតដល់​ថ្ងៃនេះ ត្រូវបាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ជាមួយគ្នា​នោះ គ​.​ជ​.​ប ក៏បាន​ប្រកាសថា ដំណើរការ​ឃោសនាបោះឆ្នោត ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ គឺ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត បានទទួល​បណ្តឹង​ចំនួន ៦​ករណី ដែល​ក្នុងនោះ ៤​ករណី ផ្សះផ្សា​សះជា ( ខេត្តកណ្តាល ១​ករណី ខេត្តរតនគិរី ៣​ករណី ) និង ១​ករណី ដើមបណ្តឹង​ដក​ពាក្យបណ្តឹង​វិញ ( ខេត្ត​កែប )​។ រីឯ ១​ករណី​ទៀត នៅ​ខេត្តព្រៃវែង កំពុង​ដោះស្រាយ​តាម​នីតិវិធី​៕ ​


ចែករំលែក៖