ឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកមនុស្សសរុប ០៤នាក់ បានធ្លាក់នៅខេត្តខនកែន ភាគឦសានប្រទេសថៃនៅក្នុងថ្ងៃពុធនេះតែម្តង នាំឲ្យអ្នកជិះនៅលើនោះទាំងអស់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ឧទ្ធម្ភាគចក្រខាងលើនេះគឺជាប្រភេទ Eurocopter AS355 បានធ្លាក់ក្នុងស្រុក ជនណាបុត នៃខេត្តខនកែន (Khon Kaen) ដែលស្ថិតនៅចម្ងាយ ៤៥០គីឡូម៉ែត្រ ពីរាជធានីបាងកក នៃប្រទេសថៃ។ បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុនោះឲ្យដឹងថា ឧទ្ធម្ភាគចក្រមានពណ៌សខាងលើនេះ បានព្យាយាមធ្វើការចុះចតក្នុងស្ថានភាពលំបាក រួចក៏បានធ្លាក់ និងផ្ទុះនៅកណ្តាលវាលស្រែក្នុងតំបន់តែម្តង។
គួរបញ្ជាក់ថា សម្រាប់មូលហេតុពិតប្រាកដនៃការធ្លាក់នេះ គឺមិនទាន់មានការបញ្ជាក់ពីក្រុមជំនាញថៃនោះឡើយ ប៉ុន្តែបើតាមស្ថានភាពជាក់ស្តែងឧទ្ធម្ភាគចក្របានបាត់បង់ភាពម្ចាស់ការ នៅពេលដែលអ្នកបញ្ជាបានព្យាយាមធ្វើការចុះចត ទាំងដែលមេឃកំពុងរកភ្លៀង អមដោយខ្យល់បក់បោកយ៉ាងសន្ធប់៕ សុខ ខេមរា