ព័ត៌មានទាន់ហេតុការណ៍៖

គណបក្សប្រជាជនដឹកនាំខ្មែរគ្រប់ជំនឿសាសនាអាចរួមរស់ដោយសុខសាន្ត

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លោក គន់ គីម សមាជិកអចិន្ត្រៃយ៍ និងជាប្រធានគណៈពង្រឹងការងារគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៅតែបន្តរក្សាគោលនយោបាយបើកទូលាយក្នុងជំនឿសាសនារបស់ប្រជាពលរដ្ឋខ្មែរ ហើយធានាបាននូវសុខដុមនីយកម្មលើជំនឿសាសនានេះ។

លោក គន់ គីម បានថ្លែងដូច្នេះក្នុងពេលអញ្ជើញសំណេះសំណាលជាមួយខ្មែរ-អ៉ីស្លាម ដែលកំពុងរស់នៅក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះ។ កិច្ចសំណេះសំណាលនោះ ក៏មានការអញ្ជើញចូលរួមពីគណៈដឹកនាំរបស់ខ្មែរ-អ៉ីស្លាមទាំងនៅក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តឧត្តរមានជ័យផងដែរ។

ជាកិច្ចចាប់ផ្តើមក្នុងកិច្ចសំណេះសំណាលនោះ លោក គន់ គីម បានថ្លែងអំណរគុណចំពោះបងប្អូនខ្មែរ-អ៉ីស្លាម ដែលតែងតែមានស្វាមីភក្តិជាមួយគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិកន្លងមក។

ជាមួយគ្នានោះ លោក គន់ គីម ដែលជាបេក្ខភាពតំណាងរាស្ត្រនៅខេត្តឧត្តរមានជ័យនោះ ក៏បានលើកបង្ហាញនូវគោលនយោបាយមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជាលើការផ្តល់សិទ្ធិសេរីដោយទូលាយក្នុងការគោរពប្រណិប័តន៍លើជំនឿសាសនា ពោលមិនបានបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋលើជំនឿសាសនានោះឡើយ។ ជាក់ស្តែងបងប្អូនខ្មែរ-អ៉ីស្លាម អាចគោរពប្រណិប័តន៍តាមប្រពៃណី និងជំនឿសាសនារបស់ពួកគាត់ដោយសេរីនៅលើទឹកដីកម្ពុជា។

បេក្ខតំណាងរាស្ត្ររូបនេះ ក៏បានលើកបង្ហាញផងដែរ ពីគោលនយោបាយអាទិភាពមួយចំនួនរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការរស់នៅរបស់ខ្មែរ-អ៉ីស្លាម ដូចជាការផ្តល់ក្របខណ្ឌដល់គ្រូបង្រៀនខ្មែរ-អ៉ីស្លាម យុវជន និងកីឡា, ការអនុញ្ញាតឲ្យខ្មែរ-អ៉ីស្លាម អាចពាក់មួកការតឹប និងពាក់ស្បៃមុខ ដើម្បីថតរូបធ្វើលិខិតស្នាមគតិយុត្តិផ្សេងៗ ព្រមទាំងការអនុញ្ញាតឲ្យបងប្អូនខ្មែរ-អ៉ីស្លាម អាចស្លៀកសម្លៀកបំពាក់បែបប្រពៃណីរបស់ខ្លួន ដើម្បីចូលរៀននៅតាមសាលានានា ក៏ដូចជាបម្រើការងារតាមស្ថាប័នឯកជនជាដើម។

«គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាលបងប្អូនខ្មែរ-អ៉ីស្លាម មានសិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍ជំនឿសាសនារបស់ខ្លួន ដោយមិនមានការរឹតត្បិតនោះឡើយ។ នេះជានយោបាយបើកទូលាយលើជំនឿសាសនារបស់គណបក្សប្រជាជនកម្ពុជា បើគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបងប្អូននៅតែមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍សាសនា គ្មានការហាមឃាត់ ឬលុបបំបាត់ដូចរបប ប៉ុល ពត នោះឡើយ»។ លោក គន់ គីម គូសបញ្ជាក់ថា។

លោក គន់ គីម ក៏បានលើកបង្ហាញផងដែរ ពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ និងធ្វើឲ្យមានភាពសុខដុមរមនាលើផ្នែកជំនឿសាសនានៅក្នុងប្រទេសកម្ពុជា បើទោះបីកម្ពុជាមានជំនឿសាសនាច្រើនយ៉ាងណាក្តី។ លោក គន់ គីម បានអះអាងថា ដរាបណាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រីភាពសុខសាន្តផ្នែកជំនឿសាសនានៅតែមានសម្រាប់កម្ពុជា។

ទន្ទឹមនោះ លោក គន់ គីម ក៏បានអំពាវនាវដល់បងប្អូនខ្មែរ-អ៉ីស្លាម ទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ ជាពិសេសបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ ដើម្បីបន្តរក្សាសុខសន្តិភាព និងសិទ្ធិសេរីភាពយ៉ាងទូលាយផ្នែកជំនឿសាសនានៅកម្ពុជា៕


ចែករំលែក៖