ព័ត៌មានទាន់ហេតុការណ៍៖

មកដឹងបញ្ជីឈ្នោះគ្រូបង្វឹក និងកីឡាករដែលអាចឈ្នះពានរង្វាន់ល្អបំផុតប្រចាំឆ្នាំ២០១៨

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានបង្ហាញឈ្មោះកីឡាករ១០រូបដែលមកពីក្របខ័ណ្ឌកំពូល៤គឺ អង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងបារាំង រួមទាំងគ្រូបង្វឹក១១រូប ដើម្បីប្រជែងពានកីឡាករ និងគ្រូល្អផ្តាច់គេប្រចាំឆ្នាំ២០១៨ FIFA’s The Best award។

ក្នុងចំណោមបេក្ខភាពទាំង១០រូបចុងក្រោយលើកនេះគ្មានឈ្មោះខ្សែប្រយុទ្ធ Neymar ទេដោយសារកីឡាករសញ្ជាតិប្រេស៊ីលចំណាយពេលភាគច្រើនសម្រាកព្យាបាលរបួសកាលពីរដូវកាលមុន ហើយជាមួយជម្រើសជាតិទៀតសោតក៏ Neymar មិនអាចជួយប្រេស៊ីលឆ្លងផុតវគ្គ៨ក្រុមចុងក្រោយ World Cup ដែរ។

បញ្ជីឈ្មោះកីឡាករទាំង១០រូបរបស់ FIFA រួមមាន Cristiano Ronaldo (Juventus), Kevin de Bruyne (Man City), Antoine Griezmann (At-Madrid), Eden Hazard (Chelsea), Harry Kane (Spurs), Kylian Mbappe (PSG), Lionel Messi (Barcelona), Luka Modric (Real Madrid), Mohamed Salah (Liverpool) និង Raphael Varane (Real Madrid)។

Ronaldo ដែលឈ្នះ FIFA’s The Best award ២ដងជាមួយ Real Madrid នៅឆ្នាំ២០១៦ និងឆ្នាំ២០១៧ អាចឈ្នះជាលើកទី៣ក្នុងនាមជាកីឡាករ Juventus ក្រោយលើកពាន Champions League កាលពីរដូវកាលមុន។ Messi ម្ចាស់ស្បែកជើងមាសនៅលីកអេស្ប៉ាញ ក៏មិនអាចមើលរំលងបាន ខណៈដែល Griezmann ជាជ័យលាភី World Cup និង Europa League ជាមួយបារាំង និង Atletico Madrid ក៏អាចឈ្នះវាដូចគ្នា។

ចំណែកគ្រូបង្វឹកទាំង១១រូប ដែលជាប់ក្នុងបញ្ជីដើម្បីប្រជែងពានប្រចាំឆ្នាំនេះមានដូចជា លោក Gareth Southgate (អង់គ្លេស), លោក Massimiliano Allegri (Juventus), លោក Stanislav Cherchesov (រុស្ស៊ី), លោក Zlatko Dalic (ក្រូអាត), លោក Didier Deschamps (បារាំង), លោក Pep Guardiola (Manchester City), លោក Roberto Martinez (បែលហ្ស៊ិក), លោក Jurgen Klopp (Liverpool), លោក Diego Simeone (Atletico Madrid), លោក Ernesto Valverde (Barcelona) និង លោក Zinedine Zidane អតីតអ្នកចាត់ការក្លិប Real Madrid។ អ្វីដែលសំខាន់នោះក្នុងចំណោមគ្រូបង្វឹកទាំង១១រូបខាងលើ មិនមានវត្តមានអ្នកចាត់ការបិសាចក្រហម Manchester United លោក Jose Mourinho ដែលតែងតែមានឈ្មោះក្នុងបញ្ជីពីឆ្នាំមុនៗនោះឡើយ ៕


ចែករំលែក៖