ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ឧទ្ធម្ភាគចក្រនៅរុស្ស៊ី ស្លាប់១៨នាក់

ចែករំលែក៖

ឧទ្ធម្ភាគចក្រ Mi-8 មួយគ្រឿងបាន ធ្លាក់នៅតំបន់ Krasnoyarsk តំបន់ Siberia ក្នុងប្រទេសរុស្ស៊ី បណ្តាលឲ្យមនុស្សទាំង១៨នាក់នៅលើឧទ្ធម្ភាគចក្រស្លាប់ទាំង អស់។

សារព័ត៌មាន TASS បានដកស្រង់ប្រភពព័ត៌មានក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើជារបស់ក្រុមហ៊ុនអាកាសចរណ៍ Utair ។ ហេតុ ការណ៍គ្រោះថ្នាក់កើតឡើង ក្រោយពេលហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ ដោយនៅលើឧទ្ធម្ភាគច័ក្រមានអ្នកដំណើរ ១៥ នាក់និងសមាជិក ហោះហើរ ២នាក់ ។ ចំណែកសារព័ត៌មាន RIA បានផ្សាយថា មានក្រុមហោះហើរ ៣នាក់ និងអ្នកដំណើរ១៥នាក់សរុប១៨នាក់បានស្លាប់។

គ្រោះថ្នាក់ខាងលើបណ្តាលឲ្យឧទ្ធម្ភាគចក្រផ្ទុះឆេះ ខ្ទេចតែម្តង ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រខាងលើបានចុះចតយ៉ាងលំបាក ទើបបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើ នៅវេលាម៉ោង ១០និង ២០នាទីព្រឹក ថ្ងៃ ទី៤ខែសីហា (ម៉ោងក្នុងតំបន់)។

នៅពេលនេះដែរក្រុមអ្នកឯកទេសក៏បានទៅកាន់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ ថាតើគ្រោះថ្នាក់ខាងលើ បណ្តាលមកពី មូលហេតុអ្វី៕ ម៉ែវ សាធី


ចែករំលែក៖