ខេត្តស្ទឹងត្រែងៈ បុរសវ័ុយចំណាស់ម្នាក់ផឹកស្រាស្រវឹងជោកជាំ បម្រុងដើរឆ្លងទឹក ចៃដន្យមិនបានសម្រេច ក៏រអិលជើងដួលចូលផឹកទឹកឆ្អែត សំណាងបានអ្នកភូមិឃើញទាន់ ជួយសង្គ្រោះរួចរាយការណ៍ទៅ នគរបាលប៉ុស្តិ៍ឃុំ ស្រង់មកធ្វើចលនា រួចឆ្អើរភ្លើងទើបដឹងខ្លួនវិញ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២ ថ្ងៃសៅរ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអូរយាយទឹម ភូមិអូរុន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
តាមការបញ្ជាក់ពីលោកហម សាវួន មេប៉ុស្តិ៍ ឃុំអូរស្វាយ បានឲ្យដឹងថា បុរសជានរងគ្រោះឈ្មោះ សាប់ សាត់ អាយុ៥៥ឆ្នាំ រស់នៅភូមិអូរុន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ដោយមុនពេលកើតហេតុ មានសភាពស្រវឹងជោកជាំ ជនរងគ្រោះ បានដើរឆ្លងអូរបម្រុងឆ្លងទៅម្ខាងត្រើយទៀត តែចៃដន្យបានរអិលជើង ដោយសារស្រវឹង ទប់ខ្លួនមិននឹង ធ្វើឲ្យដួលផឹកទឹក តែសំណាងបានបងប្អូនពលរដ្ឋទៅឃើញទាន់ស្រែកហៅគ្នាឲ្យមកជួយ ស្រង់លើកឡើងមកដាក់លើគ្រែ រួចរាយការណ៍មកកម្លាំងប៉ុស្តិ និងប្រជាការពារភូមិ មកដល់កន្លែងកើត ភ្លាមៗនោះ ក៏ជួយធ្វើចលនា រលាក់ទឹក រួចឆ្អើរភ្លើងទើបដឹងខ្លួនឡើងវិញ ផុតពីគ្រោះថ្នាក់ ៕ មាស សុផាត