ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារមួយរបស់រុស្ស៊ីរងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ព្រោះតែរកសុីជាមួយកូរ៉េខាងជើង

ចែករំលែក៖

អាមេរិកបានដាក់ទណ្ឌកម្មទៅលើធនាគារមួយរបស់រុស្ស៊ី ដោយចោទប្រកាន់ថាបានរកសុីជាមួយកូរ៉េខាងជើង និងជាប្រភពផ្តល់ប្រាក់ដុល្លារទៅឲ្យកូរ៉េខាងជើង ដើម្បីបន្តសកម្មភាពអាវុធនុយក្លេអ៊ែរ។

សារព័ត៌មានDaily បានផ្សាយថា ការសម្រេចដាក់ទណ្ឌកម្មទៅលើធនាគាររុស្ស៊ីនេះ ធ្វើឡើងក្រោយពេលដែល រុស្ស៊ីបានបើកទ្វារស្វាគមន៍ពលករកូរ៉េខាងជើងទៅធ្វើការនៅក្នុងប្រទេសរុស្ស៊ីដូចដើម។ ប៉ុន្តែភាគីរុស្ស៊ីបានច្រានចោលព័ត៌មានខាងលើថា រុស្ស៊ីមិនបានអនុញ្ញាតឲ្យពលករកូរ៉េខាងជើង ចូលទៅធ្វើការនៅក្នុងប្រទេសរុស្ស៊ី ដូចព័ត៌មានបានផ្សព្វផ្សាយនោះឡើយ។

ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មថ្មីទៅលើធនាគារ គឺក្រោយពីទទួលបានរបាយ ការណ៍ថា ធនាគាររុស្ស៊ីបានលួចជួយកូរ៉េខាងជើង ដោយបំពានទៅនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) នោះ ទើបសហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌ កម្មទៅលើធនាគារមួយរបស់រុស្ស៊ីតែម្តង។

ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ OFAC របស់ក្រសួងរតនាគារជាតិអាមេរិកបានឲ្យដឹងថា ក្រៅពីធនាគាររុស្ស៊ីខាង លើនេះ ខ្លួនបានក៏អង្កេតដឹងថា មានបុគ្គល ម្នាក់ និងក្រុមហ៊ុនចំនួនពីរបានលួចធ្វើជាទីកន្លែងដោះដូរហិរញ្ញវត្ថុ ដល់កូរ៉េខាងជើង ផងដែរ។ សម្រាប់ធនាគាររុស្ស៊ី ដែលបានទទួលរងទណ្ឌកម្មនោះគឺមានឈ្មោះថា Agrosoyuz កំពុងតែធ្វើប្រតិបត្តិការនៅកូរ៉េខាងជើង។

គួរបញ្ជាក់ថា ធនាគារខាងលើនេះ ក៏មានជាប់ពាក់ព័ន្ធនឹងធនាគារពាណិជ្ជកម្មបរទេសរបស់កូរ៉េខាងជើង រួមជាមួយនឹងក្រុមហ៊ុនចិនមួយចំនួនទៀត៕ ម៉ែវ សាធី


ចែករំលែក៖