ភ្នំពេញ៖ តារាចម្រៀងលំដាប់ជួរមុខប្រចាំផលិតកម្មថោន លោក ខេម បានចេញដំណើរពីប្រទេសកម្ពុជាទៅសម្តែង និងច្រៀងរាំលើទឹកដីនៃសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ។ លោកទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាកប្រជាជនខ្មែររស់នៅទីនោះយ៉ាងច្រើនកុះករ ។
តារាចម្រៀងខេមបានចេញទៅច្រៀងរាំនៅលើទឹកដីនៃសហរដ្ឋអាមេរិកជាលើកដំបូងក្នុងអាជីពសិល្បៈកាលពីថ្ងៃទី៦ ខែសីហា មកម្ល៉េះតាមរយៈអង្គការIKARE ។ មុនចាកចេញតារាចម្រៀងរូបនេះបានបញ្ជាក់ថា ការព្យាយាមរបស់លោក៧ឆ្នាំនេះទទួលបានលទ្ធផលល្អហើយ ។ លោកអះអាងថាការចាកចេញទៅច្រៀងនៅក្រៅស្រុកនេះគឺមានរយៈពេលយូ ដែលលោកមិន ដែលបានចេញពីក្នុងស្រុក ដែលលោករំពឹងថានឹងទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែរនៅក្រៅស្រុកដូចក្នុងស្រុកដែរ ។
មានអ្នកគាំទ្រ និងប្រជាជនខ្មែរជាច្រើនបានតម្រង់ជួរចូលទិញសំបុត្រចូលទស្សនា និងរាំលេងកម្សាន្តក៏ដូចជាបានចូលរួមជួបមុខតារារូបនេះដោយផ្ទាល់ផងដែរ ។ លោក ឈួន សុខលីម មន្ត្រីអង្គការIKARE បានបញ្ជាក់ថា តាមការគ្រោងទុកតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះនឹងត្រូវចំណាយពេលប្រមាណជាង៧សប្តាហ៍នៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះ ហើយលោកបាននឹងកំពុងចេញច្រៀងនៅតាមបណ្តារដ្ឋធំៗជាច្រើននៅសហរដ្ឋអាមេរិក ដែលមានប្រជាជនខ្មែររស់នៅ ។ លោកឈ្លាន សុខលីម ថាក្នុងកម្មវិធីប្រគំតន្ត្រីម្តងៗមានប្រជាជនខ្មែរប្រមាជាង៥០០នាក់បានឈររងចាំ និងចូលទស្សនាកម្មវិធី ដែលតារាចម្រៀងរូបនេះចូលរួមច្រៀង ដែលជាចំនួនមួយច្រើនគួរឲ្យកក់សម្គាល់ ។ លោកក៏ថ្លែងអំណរគុណដល់ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក ដែលស្រលាញ់ចូលចិត្តសិល្បករខ្មែរ ។
តាមការប្រកាសរបស់តារាចម្រៀង ខេម បានបញ្ជាក់ថា ក្រោយពីបញ្ចប់ការសម្តែងលើកដំបូងនៅលើទឹកដីនៃសហរដ្ឋអាមេរិក លោកនឹងរៀបចំកម្មវិធីមនុស្សធម៌មួយ ដែលលោកនឹងចែករំលែកថវិកា ដែលទទួលបានពីការចេញទៅច្រៀងរាំលើកនេះជួយដល់បងប្អូនពូៗម៉ូតតូឌុប និងរត់កង់បីជាដើម៕ វឌ្ឍនា