ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនជនសង្ស័យជាប់ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតីវេណេហ្ស៊ុយអេឡាកើនឡើង

ចែករំលែក៖

មន្ត្រីជាន់ខ្ពស់វេណេហ្ស៊ុយអេឡាបានប្រកាសថា ចំនួនអ្នកដែលជាប់ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ម៉ាឌូរ៉ូ មិនបានសម្រេចកើនឡើង ៤៣នាក់ហើយ ក្នុងនោះមាន២៥នាក់បានចោទប្រកាន់ទោស។

ក្រៅពីនេះមន្ត្រីតុលាការវេណេហ្ស៊ុយអេឡា បានចេញដីការចាប់ខ្លួនមនុស្ស១៨នាក់ និងស្នើដល់ប៉ូលិសអន្តរជាតិ អំាងទែប៉ូលចាប់ខ្លួនមនុស្ស៩នាក់ ដែលកំពុងតែលាក់ខ្លួននៅអាមេរិក កូឡុំបី និងប៉េរ៉ូ។

កាលពីសប្តាហ៍កន្លងមក សភាវេណេហ្ស៊ុយអេឡា បានស្នើដល់ប្រទេសកូឡុំប៊ី ប៉េរ៉ូ និងអាមេរិកបញ្ជូនក្រុមដំណាងរាស្ត្រប្រឆាំង លោក Julio Borges និងជនជាតិវេណេហ្ស៊ុយអេឡា៦នាក់ផ្សេងទៀត ជាបពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតីកាលពីថ្ងៃទី៤ ខែសីហា ដោយប្រើប្រាស់ឧបករណ៍ឌ្រូនគ្មានមនុស្សបើកផ្ទុកគ្រឿងផ្ទុះ។

ប៉ុន្តែកាលពីថ្ងៃទី២១ ខែសីហា បណ្តាប្រទេសទ្វីបអាមេរិក OAS បានអំពាវនាវរដ្ឋាភិបាលប្រទេសនៅក្នុងតំបន់កុំទទួលស្គាល់តុលាការកំពូលមិនស្របច្បាប់នៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ហើយមិនត្រូវបញ្ជូនអ្នកសង្ស័យទៅឲ្យវេណេហ្ស៊ុយអេឡានោះឡើយ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា ប្រទេសនៅតំបន់អាមេរិក ក្នុងនោះមានអាមេរិក អាចជាប់ពាក់ព័ន្ធនឹងការធ្វើឃាតខាងលើដោយប្រទេសទាំងនោះមិនសហការដោយអនុញ្ញាតឲ្យអ្នកនៅពីក្រោយការធ្វើឃាតលាក់ខ្លួនដោយសុវត្ថិភាព។

មិនតែប៉ុណ្ណោះ អាមេរិកបានបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសវេណេហ្ស៊ុយអេឡា។ នៅពេលនេះដែរ ពលរដ្ឋជាច្រើនក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងដោយសារតែវិបត្តិនយោបាយ និងសេដ្ឋកិច្ច។

ដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច នៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ ប្រកាសឲ្យប្រើប្រាស់នូវរូបិយប័ណ្ណថ្មីដោយមានគោលដៅ គឺដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ចធ្ងន់ដែលប្រទេសកំពុងជួយប្រទះសព្វថ្ងៃ។ វិបត្តិដែលបាន និងកំពុងបន្តជំរុញពលរដ្ឋវ៉េណេហ្ស៊ុយអេឡារាប់សិបលាននាក់ភៀសខ្លួនចេញពីប្រទេសទៅជ្រកកោណក្នុងប្រទេសជិតខាង ពិសេសប្រទេសប្រេស៊ីល និងអេក្វាទ័រ។

គេនៅមិនទាន់ដឹងថា តើនយោបាយបញ្ចេញរូបិយប័ណ្ណថ្មីរបស់លោក នីកូឡា ម៉ាឌូរ៉ូ អាចនឹងជួយទប់ស្កាត់វិបត្តិសេដ្ឋកិច្ចសព្វថ្ងៃឬអត់ទេ អ្វីដែលគេដឹង ក្រដាសប្រាក់ថ្មីមានចំនួនលេខ០ តិចជាងចំនួនលេខ០ ក្រដាសប្រាក់បច្ចុប្បន្នដល់ទៅ៥ខ្ទង់។ ឧទាហរណ៍ ក្រដាស់ប្រាក់តម្លៃ ៥០.០០០.០០០បូលីវ៉ារសព្វថ្ងៃ នឹងក្លាយជាក្រដាសប្រាក់តម្លៃ ៥០០បូលីវ៉ារវិញ។ ពលរដ្ឋវ៉េណេហ្ស៊ុយអេឡាកំពុងរង់ចាំទទួលរូបិយប័ណ្ណថ្មី តែអ្វីដែលពួកគេកំពុងបន្តបារម្ភខ្លាំងជាងគេ គឺតម្លៃទំនិញឡើងថ្លៃ។

តាមតួលេខប្រមើលមើលចុងក្រោយដោយមូលនិធីរូបបិយវត្ថុអន្តរជាតិ អត្រាអតិផរណានៅវ៉េណេហ្ស៊ុយអេឡាអាចនឹងកើនដល់ ១.០០០.០០០ភាគរយ។ នៅពេលទៅផ្សារម្តងៗ ពលរដ្ឋវ៉េណេហ្ស៊ុយអេឡាគ្មានជម្រើសអ្វីក្រៅពីដឹកជញ្ជូនលុយទាំងការុងៗដើម្បីទិញទំនិញ។ ឧទាហរណ៍ សាច់១គីឡូក្រាមតម្លៃជិត ៦លានបូលីវ៉ារ ឬស្មើជិត ១ដុល្លារអាមេរិក។ ទឹកប្រាក់ដ៏ច្រើនសម្បើមនេះបានជំរុញឲ្យអ្នកលក់ទំនិញខ្លះឈប់រាប់លុយ តែយកជញ្ជីងថ្លឹងជំនួសវិញ។

ប្រទេសវ៉េណេហ្ស៊ុយអេឡាកំពុងស្ថិតមាត់ជ្រោះនៃភាពក្ស័យធនជាមួយនឹងឧភាពថវិកាជាតិដល់ទៅ ១៥០.០០០លានដុល្លារ។ ចំណែកផលិតកម្មប្រេងឆៅដែលជាប្រភពចំណូលដ៏សំខាន់បានធ្លាក់ចុះចំនួនពាក់កណ្តាលក្នុងរយៈពេល១ឆ្នាំ។ គួររម្លឹកជូនថា នេះមិនមែនជាលើកទី១ ទេដែលរដ្ឋាភិបាលបានប្រើនយោបាយប្តូររូបិយប័ណ្ណដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅ រូបិយប័ណ្ណជាតិបានបាត់បង់ចំនួនលេខសូន្យដល់ទៅ៨ខ្ទង់៕ ម៉ែវ សាធី


ចែករំលែក៖