ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានដកស្រង់សម្តីលោកស្រី គីម យូចុង (Kim Yo Jong) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដែលអំពាវនាវឱ្យទីក្រុងព្យុងយ៉ាង រំសាយអាវុធនុយក្លេអ៊ែរ ដោយលោកស្រីចាត់ទុកថាការទាមទារនេះ គឺជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញនិងអធិបតេយ្យភាពរបស់កូរ៉េខាងជើង។
លោកស្រី គីម បានសង្កត់ធ្ងន់ថា បញ្ហារំសាយអាវុធនុយក្លេអ៊ែរគឺជារឿងដែលមិនអាចត្រឡប់ថយក្រោយបានឡើយ ហើយការកាន់កាប់អាវុធនុយក្លេអ៊ែរគឺជាផលប្រយោជន៍ស្នូល និងជាខ្សែបន្ទាត់ក្រហមដែលមិនអាចកែប្រែបានរបស់ប្រទេសនេះ។ លោកស្រីបានព្រមានថា អ្នកណាដែលហ៊ានប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរ នឹងត្រូវប្រឈមមុខនឹង «ជម្រើសដ៏អាក្រក់បំផុតដែលនាំទៅរកមហន្តរាយ»។
បន្ថែមពីនេះ លោកស្រីបានអះអាងថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាមធ្យោបាយកំញើញសម្រាប់ការពារខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីសំណាក់ក្រុមសត្រូវ ហើយអាវុធទាំងនេះគឺជា «គ្រឹះដ៏សំខាន់» សម្រាប់ធានាសន្តិភាព។ លោកស្រីបានបន្ថែមថា ការអំពាវនាវឱ្យរំសាយអាវុធនុយក្លេអ៊ែរគឺជារឿង «ហួសសម័យទាំងស្រុង» ហើយគ្មានក្រុមណាមួយអាចផ្លាស់ប្តូរជំហរនេះបានឡើយ ទោះបីជាពួកគេរិះគន់ខ្លាំងប៉ុនណាក៏ដោយ។
កាលពីថ្ងៃពុធ មេដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍រួម ដោយសម្តែងការ «ព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ព្រមទាំងបានអំពាវនាវឱ្យប្រទេសនេះរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ លើសពីនេះ ក្រុម G7 ក៏បានជំរុញឱ្យកូរ៉េខាងជើងដោះស្រាយបញ្ហាចាប់ពង្រត់ពលរដ្ឋជប៉ុន និងទាមទារឱ្យមានការទប់ស្កាត់បទល្មើសសាយប័រ និងការលួចរូបិយប័ណ្ណគ្រីបតូពីសំណាក់ទីក្រុងព្យុងយ៉ាងផងដែរ៕

ដោយ៖ធីរីណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច