អតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានថ្កោលទោសយ៉ាងខ្លាំងដល់ ប្រធានាធិបតីដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋពីគោលនយោបាយបង្កឲ្យមានវិវាទ ។ ទន្ទឹមនឹងនោះលោកអូបាម៉ា បានជំរុញឲ្យពលរដ្ឋទៅបោះឆ្នោតនៅខែ វិច្ឆិកាខាងមុខ ដើម្បីកែប្រែស្ថានភាពនយោ បាយវិញ ក្រោយគណបក្សប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រភាគច្រើននោះ។
អតីតប្រធានាធិបតី អូបាម៉ា បានថ្លែងសុន្ទរកថានៅមហាវិទ្យាល័យ Urbana Champaign ក្នុងរដ្ឋ Illinois ដែលជា ការចាប់ផ្តើមឃោសនាបោះឆ្នោត ជួយ ដល់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែ វិច្ឆិកាខាងមុខ។
នេះជាលើកទីមួយហើយដែលលោក អូបាម៉ា រិះគន់ដោយផ្ទាល់ ទៅលើប្រធានា ធិបតីដូណាល់ ត្រាំ ។ មិនតែប៉ុណ្ណោះ លោកអូបាម៉ា បានចោទប្រកាន់លោកត្រាំ ថាបានដាក់គំនាបទៅលើក្រសួងយុត្តិធម៌ ស្ថាប័នច្បាប់ បង្កឲ្យបែកបាក់ផ្ទៃក្នុងអាមេ រិក និងបណ្តាប្រទេសជាសម្ពន្ធមិត្ត។ លោក អូបាម៉ាបញ្ជាក់ថា ពលរដ្ឋអាមេរិក កំពុងតែរស់នៅក្នុងដំណាក់កាលគ្រោះថ្នាក់បំផុត ។
លោកអូបាម៉ាបានបញ្ជាក់ថា «គ្រប់យ៉ាងចាប់ផ្តើមចេញពីលោកត្រាំ ដោយ លោក មានគំនុំជាមួយអ្នកនយោបាយ ទើបពេលឡើងកាន់អំណាចបានធ្វើឲ្យស្ថានភាព ច្របូកច្របល់បែបនេះ»។ លោកអូបាម៉ា បានទទួលស្គាល់ ថាលោក បានបំពាន ទម្លាប់ មិនរិះគន់ប្រធានាធិបតី ពេលបញ្ចប់ អាណត្តិ ប៉ុន្តែដំណាក់កាលអាក្រក់នៃ នយោបាយអាមេរិក បង្ខំឲ្យលោកត្រូវតែធ្វើ បែបនេះ។
ក្រៅពីអតីតប្រធានាធិបតីអូបាម៉ា មាន មន្ត្រីអាមេរិកជាច្រើនរូប ក៏បង្ហាញការមិនពេញចិត្តនឹងនយោបាយដឹកនាំរបស់លោកត្រាំដែរ។ កន្លងមកថ្មីៗសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Elizabeth Warren មក ពីរដ្ឋ Massachesetts បានអំពាវនាវដល់ គណៈរដ្ឋមន្ត្រី និងសភា ដកហូតតំណែង ប្រធានាធិបតីពី លោក ត្រាំ ដោយសារតែបង្កឲ្យមានវិវាទកាន់តែខ្លាំងឡើង និងបន្ទាប់ពីមានអត្ថបទស្តីពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បានរិះគន់លោក ត្រាំ ។
លោកស្រី Elizabeth Warren បាន និយាយទៅកាន់សារព័ត៌មាន CNN ថា «ប្រសិនបើមន្ត្រីជាន់ខ្ពស់ នៅក្នុងជួររដ្ឋាភិ បាលរបស់លោក ត្រំា មិនមានសមត្ថភាពក្នុងការអនុវត្តតាមភារកិច្ចរបស់លោក ត្រាំ គួរតែពិភាក្សា តាមមាត្រាទី២៥ នៃរដ្ឋធម្ម នុញ្ញ ក្នុងការដកហូតតំណែង»។
នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អតីតជំនួយការលោក ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីឆ្នាំ២០១៦ គឺលោក ចច ផាផាដូភូលូស (George Papadopoulos) ត្រូវបានតុលាការអាមេរិកកាត់ទោសដាក់ពន្ធនាគារចំនួន ១៤ថ្ងៃ ពីបទនិយាយកុហកក្រុមស៊ើបអង្កេតក្នុងករណីចោទ ប្រកាន់ថា រុស្ស៊ីបានលូកលាន់កិច្ចការបោះឆ្នោត។
ក្រោយទោសជាប់ពន្ធនាគារចំនួន ១៤ ថ្ងៃ លោក Papadopoulos វ័យ ៣១ឆ្នាំ នឹងត្រូវដោះលែងឲ្យនៅក្រៅឃុំរយៈពេលមួយឆ្នាំ, បម្រើការងារសាធារណៈរយៈពេល ២០០ម៉ោង និងបង់ប្រាក់ពិន័យ ៩,៥០០ ដុល្លារ។ លោកគឺជាអតីតជំនួយការលោក ត្រាំ ដំបូងហើយដែលត្រូវបានតុលាការ អាមេរិក ផ្តន្ទាទោសដាក់ពន្ធនាគារនៅក្នុងការស៊ើបអង្កេតដឹកនាំដោយរដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller)។
គួរបញ្ជាក់ថា លោក Papadopoulos ត្រូវបានតុលាការចោទប្រកាន់កាលពីខែ តុលា ឆ្នាំ២០១៧ ដោយ សារតែលោកបាន ផ្តល់ចម្លើយកុហក ទៅដល់ស្ថាប័នស៊ើប អង្កេតសហព័ន្ធ FBI អំពីពេលវេលា និងការធ្វើទំនាក់ទំនងដែលអាចទៅរួចរវាងអតីតជំនួយការលោក ដូណាល់ ត្រាំ នឆងមន្ត្រី រុស្ស៊ីកាលពីឆ្នាំ២០១៦។ មុនការកាត់ ទោសអតីតជំនួយការលោក ត្រាំ រូបនេះ ក៏បានបង្ហាញការសុំទោស ចំពោះការ ប្រព្រឹត្តខុសរបស់លោកផងដែរនៅក្នុង អគារតុលាការ នៃរដ្ឋធានីវ៉ាស៊ីនតោន៕ ម៉ែវ សាធី