ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១២ ចាត់មន្ត្រីចុះត្រួតពិនិត្យជាប្រចាំរាល់សំណង់ផ្សេងៗដែលកំពុងសាងសង់ ពិសេសសំណង់ខុសច្បាប់ ឬសំណង់ដែលសង់ខុសកិច្ចសន្យា និងគ្មានគុណភាព ការសង់រោងបុណ្យ,រោងការបិទផ្លូវ ដើម្បីជម្រុញអោយពួកគាត់គោរពច្បាប់និងការណែនាំពីរដ្ឋបាលរាជធានីភ្នំពេញជៀសវាងការថ្នាំងថ្នាក់ព៏ប្រជាពលរដ្ឋ។
ការជម្រុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃពុធ៣កើត ខែភទ្របទ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ កញ្ញា២០១៨ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១២ និងកងកម្លាំងប្រដាប់អាវុធចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចំនួនរាប់សិបនាក់។
លោកអភិបាលក៏បានរំលឹកផងដែរទៅលើការណែនាំចំពោះរថយន្តបាញ់បេតុងដែលចត.ឈប់ធ្វើឲ្យប៉ះពាល់ដល់ចរាចរតាមដងផ្លូវដូចដែលរដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានជូនដំណឹងរួចមកហើយ ។ ជាមួយគ្នានេះក៏ត្រូវពិនិត្យផងដែរ ចំពោះការសង់រោងបុណ្យ,រោងការដោយមិនត្រូវឲ្យបិទផ្លូវទាំងស្រុងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងស្ទះចរាចរដែលប្រជាពលរដ្ឋតែងបង្ហាញការថ្នាំងថ្នាក់នាពេលកន្លងមក។ម្ចាស់រោងបុណ្យ ឬរោងការគួរកទីតាំង សមស្របដែលមិនប៉ះពាល់ផ្លូវសាធារណៈដូចជា ទីអារាម ឬតាមភោជនីដ្ឋាន ឬទីតាំងណាដែលសមរម្យ។
លោកឃួង ស្រេង បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងស្ថាបន័ពាក់ពន្ធ័ឲ្យបង្កើនប្រសិទ្ធភាពការងារទ្វេដងថែមទៀតលើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យសក្ត័សមទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យយើង។
លោក ឃួង ស្រេង បានបន្តថា៖ ការងារជាច្រើនកំពុងរង់ចាំយើងទៅធ្វើ ជាពិសេសការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងទីក្រុង ដោយផ្តោតទៅលើការអនុវត្តច្បាប់ចរាចរ,បន្តឆែកឆេរអាវុធជាតិផ្ទុះ។ត្រួតពិនិត្យ កន្លែងសប្បាយភាព,ក្លិបកំសាន្ត,ក្លិបរាត្រីផ្សេងៗដើម្បីទប់ស្កាត់បទល្មើសគ្រឿង ញៀន បើទោះបីយើងមិនអាចលប់បំបាត់នៅចំពោះមុខ តែក៏អាចឈានទៅកាត់បន្ថយបទល្មើសគ្រឿងញៀនបាន១កំរិតដែរ។
ចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងវិថីសំខាន់ៗជាអាទិភាពទាំង១១ខ្សែដែលបានអនុវត្តរយះពេល១ឆ្នាំកន្លងទៅនេះ យើងអាចវាយតំលៃបានថា យើងធ្វើបានល្អនិងកំពុងដើរលើផ្លូវ ត្រូវតាមសំណូមពររបស់ប្រជាពលរដ្ឋ។ដូច្នេះការងារនេះយើងត្រូវបន្តទៅមុខទៀតឲ្យបានគ្រប់ផ្លូវ។
នៅប៉ុន្មានថ្ងៃមកនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងរៀបចំ សណ្តាប់ធ្នាប់នៅចំណុចផ្លូវព្រះមុនីរ៉េត ជុំវិញផ្សារដើមគរនិងផ្សារនាគមាស ដែលល្បីខាងបាត់សណ្តាប់ធ្នាប់ និងធ្វើឲ្យប៉ះពាល់បរិស្ថាន និងស្ទះចរាចរជារៀង រាល់ថ្ងៃនោះដោយកំណត់រយះពេល១០ថ្ងៃត្រូវតែឲ្យស្អាត ហើយបន្ទាប់ទៅត្រូវ ប្រគល់ទីតាំងខាងលើនេះឲ្យទៅអាជ្ញាធរខណ្ឌ ទួលគោក និងខណ្ឌចំការមនជាអ្នកគ្រប់គ្រង និងធានាថាមិនមានការដាក់លក់ទំនិញលើទ្រូងផ្លូវ ឬចតយានយន្ត បែបអានា ធិបតេយ្យបង្កការកកស្ទះចរាចរ ប៉ះពាល់អនាម័យបរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈនោះបន្តទៀតឡើយ ៕ សំរិត