ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារនៅសហរដ្ឋអាមេរិកស្លាប់៦នាក់, បើករថយន្តបុករះ នៅចិនស្លាប់និងរបួសជាង៥០នាក់

ចែករំលែក៖

មហាអំណាចសេដ្ឋកិច្ច អាមេរិក-ចិន ប្រឈមនឹងបញ្ហាអំពើហង្សា កើតឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសរៀងៗខ្លួន ដោយហេតុផលផ្សេងៗគ្នា។

នៅអាមេរិក មន្ត្រីអាមេរិកបញ្ជាក់ថា មានមនុស្ស៥នាក់ស្លាប់នៅក្នុងការបាញ់ប្រហារនៅតំបន់ Bakersfield រដ្ឋCalifornia អាមេរិក ។ ជនដៃដល់ បានធ្វើអត្តឃាត មុនពេលប៉ូលិសទៅ ដល់។

លោក Donny Youngblood មន្ត្រី ប៉ូលិសក្នុងស្រុក Kern បាននិយាយទៅ កាន់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែកញ្ញាថា « ពិតជារឿងខុសធម្មតា ដោយ មានមនុស្សដល់ទៅ៦នាក់ស្លាប់ ក្នុងហេតុ ការណ៍នេះ។

មកទល់ពេលនេះប៉ូលិសមិនទាន់អាចសន្និដ្ឋានបានថា សកម្មភាពបាញ់ប្រហារ ខាងលើ ជាគំនុំឬ ជាការវាយប្រហារភេរវ កម្មនោះឡើយ ។ ប៉ុន្តែទំនងជា ជនដៃដល់ និងជនរងគ្រោះ មានទំនាក់ទំនងនឹងគ្នា ។

សារព័ត៌មាន Bakersfield Californian បានដកស្រង់សម្តីមន្ត្រីប៉ូលិស ក្នុងតំបន់ បញ្ជាក់ថា ពេលនេះក្រុមជំនាញកំពុងតែស្រាវជ្រាវនិងបញ្ជាក់ពីអត្តសញ្ញាណជន រងគ្រោះ។

ចំណែកនៅក្នុងប្រទេសចិនវិញបុរសម្នាក់ បានបើករថយន្តបំបុក ហ្វូងមនុស្ស បណ្តាលឲ្យមានអ្នកស្លាប់៩នាក់និង ៤៣ នាក់រងរបួស នៅក្នុងខេត្ត ហ៊ូណាន ប្រទេសចិន។ ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងស្រុក បាននិយាយថា បុរសម្នាក់ បានបើករថយន្តចូលទៅកាន់ទីលានកម្សាន្តដ៏មមាញឹក មួយកន្លែងស្ថិតនៅតំបន់ភាគខាងត្បូង ប្រទេសចិន ដោយបានសម្លាប់មនុស្ស យ៉ាងហោច៩នាក់ និងធ្វើឲ្យរបួសមនុស្ស ៤៣នាក់។

រថយន្ត SUV ពណ៌ក្រហមមួយគ្រឿង បានបើកចូលទៅក្នុងទីលានកម្សាន្ត ប៊ីន ជែង ស្ថិតនៅក្នុងទីក្រុង ហេងយ៉ាង ខេត្ត ហ៊ូណាន កាលពីវេលាម៉ោង១៩ និង៤០ នាទី ម៉ោងក្នុងស្រុក ថ្ងៃពុធ កន្លងទៅ។ សារព័ត៌មានក្នុងស្រុក បានអះអាងថា ជនរងគ្រោះមួយចំនួន ទំនងជាត្រូវបានគេ ចាក់សម្លាប់។

ក្រុមមន្ត្រីបាននិយាយថា តៃកុងរថយន្តដែលមានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ត្រូវបាន ឃាត់ខ្លួនភ្លាមៗផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តី មិនបានបញ្ជាក់ថាតើ ឧប្បត្តិហេតុមួយនេះ មានការជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មយ៉ាងណានោះទេ។

អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ខណៈដែលការស៊ើបអង្កេតកំពុងធ្វើឡើង៕ ម៉ែវ សាធី


ចែករំលែក៖