ភ្នំពេញ៖ ទីតាំងកុងស៊ីកាប់ជ្រូក មួយកន្លែងត្រូវបានអាជ្ញាធរ ក្រោមការចង្អុលបង្ហាញពីលោក ចៅ សង្កាត់គោកឃ្លាងឲ្យក្រុមការងារចុះទៅត្រួតពិនិត្យ និងណែនាំ កាលពីម៉ោង ម៉ោង១៦និង០៥នាទី ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ទីតាំងខាងលើ ស្ថិតផ្ទះលេខ២៣៧ ផ្លូវ០២ ក្រុមទី៥ ភូមិដីថ្មីសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋថា មាកទីតាំងសត្វ ឃាតមួយកន្លែង ដែលមានជះក្លិនស្អុយនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងមានឮសូរសម្លេងរំខាន លោកបាន ដឹកនាំមន្ត្រីក្រោមឱវាទមានលោក ប្រធានភូមិដីថ្មី អនុប្រធានភូមិ ប្រធានសណ្តាប់ធ្នាប់ សណ្តាប់ធ្នាប់សង្កាត់និងប្រជាការពារភូមិដីថ្មី មកធ្វើពិនិត្យ និងណែនាំម្ចាស់ទីតាំងសត្វឃាត រៀបចំបរិស្ថាន រៀបអាងចំរុះ ឲ្យត្រូវតាម ប្រព័ន្ធដើម្បី ជៀសវាងកុំឲ្យមានក្លិនស្អុយ និងប៉ះពាល់ដល់បរិស្ថាន និងអ្នកជិតខាង ពេលយប់កុំឲ្យលឺស្នូរសម្លេងជ្រូកស្រែក និង មនុស្សស្រែកឡូឡារំខានដំណេកអ្នកជិតខាង។
ម្ចាស់របស់ទីសត្វឃាតខាងលើមានឈ្មោះ លោក ញ៉ែម ស័ក្ក បានព្រមព្រៀង និងអនុវត្តន៍ តាមសេចក្តីណែនាំរបស់ អាជ្ញាធរ សង្កាត់។
បើតាមការបង្ហើបឲ្យដឹងពីសំណាក់ប្រជាពលរដ្ឋថា ទីតាំងខាងលើមានទីតាំងចាស់ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខាងក្រោយ ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាពិសេសធ្លាប់រងការររិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋនៅជុំវិញនោះ ពាក់ព័ន្ធនឹងបញ្ហា សម្លេងរំខាន និង បញ្ហាធំក្លិនស្អុយ។
ពលរដ្ឋសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធមេត្តាពិនិត្យឡើងវិញសម្រាប់ទីតាំងថ្មីនេះ ព្រោះមិនទាន់បានប៉ុន្មានផងមានការរិះគន់ បាត់ទៅហើយ ពួកគាត់បន្តថា ទីតាំងបែបនេះគួរតែត្រូវបានសាងសងនៅដាច់ដោយឡែក និងឆ្ងាយពីប្រជាពលរដ្ឋ។
ជុំវិញបញ្ហាការសាងសាងទីតាំងសត្វឃាតនេះ ពលរដ្ឋគាត់បានលើកឡើងថា អាចមានការពាក់ព័ន្ធ នឹងអាជ្ញាធរ ប្រហែលជា ត្រូវថ្នាំសណ្តំ ឬទទួលលាភសក្ការពីម្ចាស់ទីតាំងបានជាអនុញ្ញាតឲ្យសង់ជាប់ផ្លូវបេតុង និងជិតផ្ទះប្រជាពលរដ្ឋ៕តុង សីហា