ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសានថា ការហៅរដ្ឋាភិបាលកម្ពុជា ផ្តាច់ការ គឺដូចហៅមេដឹកនាំនានាលើពិភពលោកដែរ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនំាពាក្យគណបក្សប្រជា ជនកម្ពុជា លោក សុខ ឥសាន បានអះអាង ថា អ្នកដែលហៅការដឹកនាំអាណត្តិរបស់ រាជរដ្ឋាភិបាលកម្ពុជាជារបបផ្តាច់ការ គឺស្មើនឹងហៅមេដឹកនាំបណ្តាប្រទេសនានាលើពិភពលោក ជាជនផ្តាច់ការអ៊ីចឹង។

ការលើកឡើងរបស់អ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមអតីតគណបក្សប្រឆាំងបានចោទប្រកាន់របបដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន បច្ចុប្បន្នជារបបផ្តាច់ការ។ ទោះបីជាក្រុមអតីតបក្សប្រឆាំងបានលើកឡើយ៉ាងណាក្តី ក៏បណ្តាមេដឹកនាំប្រទេសមហាអំណាចមួយចំនួន បានទទួលស្គាល់ភាពស្របច្បាប់របស់កម្ពុជា ជាបន្តបន្ទាប់ក្រោយពីការបោះឆ្នោតរួច។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៥ ខែកញ្ញាថា មេដឹក នាំបណ្តាប្រទេសលើពិភពលោកបានទទួលស្គាល់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ រួចហើយ រួមទាំងសហរដ្ឋអាមេរិក បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន រុស្ស៊ី ឥណ្ឌា មីយ៉ាន់ម៉ា ស្រីលង្កា អ៊ុយក្រែន…ផងដែរ ។

លោកបញ្ជាក់ថា «ពួកគេចោទថា រាជ រដ្ឋាភិបាលកម្ពុជាផ្តាច់ការ ដូច្នេះក៏ជាការចោទរដ្ឋាភិបាលបណ្តាប្រទេសដែលទទួល ស្គាល់នោះថា ជារដ្ឋាភិបាលផ្តាច់ការដែរ។ នេះគឺជាការប្រមាថធ្ងន់ធ្ងរដល់មេដឹកនាំ បណ្តាប្រទេសប្រជាធិបតេយ្យធំៗ និង ប្រទេសដទៃទៀត»។

អ្នកនាំពាក្យគណបក្សកាន់អំណាចក៏បានលើកឡើងថា អ្នកដែលចោទថា ការបោះឆ្នោតកន្លងទៅជាការបោះឆ្នោតក្លែងក្លាយដូច្នេះមានន័យថា បណ្តាប្រទេស ទទួលស្គាល់ការបោះឆ្នោតក្លែងក្លាយឬ? ជាពិសេស លោកប្រធានាធិបតី ដូណាល់ ត្រាំ ឆ្កួតដែលទទួលស្វាគមន៍ និងទទួលសារតាំងពីលោកអគ្គរាជទូតប្រទេសកម្ពុជាដែលជាប្រទេសផ្តាច់ការនិងគ្មានប្រជាធិបតេយ្យ។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា ពួកអ្នកដែលចោទថា នៅកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបានន័យថា ពួកគេចោទគណៈកម្មាធិការ សិទ្ធិមនុស្សអង្គការសហប្រជាជាតិភ្លើដាក់ពិន្ទុខុស ដែលគ្មានប្រទេសកម្ពុជានៅក្នុង បញ្ជីខ្មៅ ៕ ហេង សូរិយា


ចែករំលែក៖