ភ្នំពេញ៖ បន្ទាប់ពីតារាសម្ដែង កូនកាត់ឥណ្ឌា លី ឧត្ដម បានបង្ហោះរូបបន្ទប់ពេញដោយពណ៌លឿងចែងចាំង ប្រៀបដូចមាសភ្លឺផ្លេកដូចភូមិគ្រឺះអភិជន ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ក្រៅពីការសរសើរច្រើន តារារូបនេះក៏ទទួលយកការរិះគន់ពីមនុស្សមួយចំនួនតូចផងដែរ។
តារាវ័យក្មេងលី ឧត្តមបានបញ្ចេញរូបថត បន្ទប់គេងដែលលោកចំណាយពេលតុបតែងដោយខ្លួនឯង ទាំងការដាក់វាំងនន ជ្រើសរើស ទូ គ្រែ តុ កៅអី និងរូបថត ហើយទើបធ្វើរួចបានពីរ បីថ្ងៃប៉ុណ្ណោះ។ ការរៀបចំបន្ទប់ឲ្យប្រែក្លាយជា ពណ៌មាស ចែងចាំងរួមទាំងលម្អរូបថតដែលមើលទៅមិនខុសពីផ្ទះអភិជននោះទេ។ ក្រោយបញ្ចេញរូបបន្ទប់គេងមិនបានប៉ុន្មាផង ស្រាប់តែតារារូបនេះលេចចេញាការកោតសរសើរពីគំនិតបង្កើតថ្មី ប៉ុន្តែក៏មានការរិះគន់ខ្លះថា ជាការអួតអាងសម្ញែងទ្រព្យទៅវិញ។
តារាបង្ហាញម៉ូដ រូបនេះបញ្ជាក់ថា លោក គ្រាន់តែចង់ឲ្យកន្លែងគេងរបស់ខ្លួន មានផាសុកភាព និងពេលចូលដល់បន្ទប់ពេលណា មានអារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះ ដោយមិនតាំងចិត្តចង់បង្អួតអ្វីឡើយ។
លោកថា លោកទទួលយកការរិះគន់ទាំងនោះ ព្រោះតែលោកគិតថាជាអ្នកសិល្បៈពិបាកនឹងហាមឃាត់ការរិះគន់ ហើយលោកក៏អត់បានខឹងសម្បារអ្វីនោះដែរ ព្រោះតែលោកយល់ថា មិនអាចតម្រូវចិត្តមនុស្សគ្រប់រូបបាន ។ លោកបន្តថា ការបង្ហោះនោះ មិនមែនជាការអួតអាងសម្ញែងអ្វីដូចការលើកឡើងនោះទេ គឺគ្រាន់តែជាការចែករំលែកគំនិតខ្លះក្នុងការតុបតែងបន្ទប់គេង ឲ្យស្រស់ស្អាតទាក់ទាញ ផាសុកភាព និងចំណាយធនធានសមល្មមតែប៉ុណ្ណោះ។ ម្យ៉ាងលោក ក៏សិក្សាលើជំនាញផ្នែករចនាដែរ ដែលលោកត្រូវស្វែងរកដកស្រង់បទពិសោធន៍ ហើយក៏ទទួលយកការរិះគន់ក្នុងន័យកែលម្អ។
គួរបញ្ជាក់ដែរថាលី ឧត្តម មានវ័យ២០ឆ្នាំ មានឪពុកជាជនជាតិឥណ្ឌា ម្ដាយជាមន្ត្រីយោធា នៅក្រសួងការពារជាតិ លោក ទើបតែបោះជំហានចូលសិល្បៈប្រមាណ២ឆ្នាំប៉ុណ្ណោះ ក្រៅពីជាតារាម៉ូដែល លោកក៏ធ្លាប់សម្ដែងភាពយន្តផងដែរ ។ ក្រៅពីមានការងារសិល្បៈ តារាសម្ដែងកូនកាត់ឥណ្ឌារូបនេះ ក៏ជាម្ចាស់ហាងលក់ផលិតគ្រឿងសាឡនមួយ និងកំពុងសិក្សា រហូតដល់ទៅ២មហាវិទ្យាល័យ គឺ ជំនាញពាណិជ្ជកម្ម និង ឌីហ្សាញ ៕ វឌ្ឍនា