ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រាំ និងសារព័ត៌មានអាមេរិក ញូវយ៉កថាមស៍ ក្លាយជាសត្រូវកាន់ខ្លាំង

ចែករំលែក៖

កន្លងមកលោកត្រាំ បានវាយប្រហារ ខ្លាំងៗទៅលើ​សារព័ត៌មាន ញូវយ៉កថាមស៍ ដោយសារតែសារព័ត៌មាននេះ មិនបានគាំទ្រដល់រូបលោក តែងតែវាយប្រហារដល់រដ្ឋាភិបាល ជាបន្តបន្ទាប់ ។ នៅពេលនេះ សារព័ត៌មានខាងលើ បានចោទប្រកាន់ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គេចពន្ធ ទៀតផង នៅក្នុងមុខជំនួញ អចលនទ្រព្យរបស់លោក ។

ក្រសួងពន្ធដារ រដ្ឋញូវយ៉ក បានបើកការស្រាវជ្រាវ ក្រោយពេលសារព័ត៌មាន អាមេរិក New York Times បានចោទប្រកាន់ ប្រធានាធិបតីដូណាល់ ត្រាំ និងគ្រួសារ គេចពន្ធ មានទឹកប្រាក់រាប់រយលានដុល្លារ ក្នុងវិស័យអចលនទ្រព្យ ។

សារព័ត៌មាន Bloomberg បានដកស្រង់ សម្តីអ្នកនាំពាក្យក្រសួងពន្ធដារ និងហិរញ្ញវត្ថុរដ្ឋ ញូវយ៉ក លោក James Gazzale បានឲ្យដឹងថា « ពន្ធដារ ញូវយ៉ក កំពុងតែត្រួតពិនិត្យ ទៅលើការចោទប្រកាន់ របស់សារព័ត៌មាន ញូវយ៉កថាមស៍ ហើយបើកការស្រាវជ្រាវដោយយកចិត្តទុកដាក់» ។

អត្ថបទ ដែលសារព័ត៌មាន ញូវយ៉កថាមស៍ បានផ្សាយកាលពីថ្ងៃទី២ ខែតុលាថា ទ្រព្យសម្បត្តិ របស់ឪពុក ដូណាល់ ត្រាំ គឺលោក Fred Trump ទុកឲ្យ លោក ត្រាំ គឺមានច្រើនជាងអ្វីដែល លោក ត្រាំ បានប្រកាសនាពេលកន្លងមក ។ អត្ថបទបានផ្សាយថា លោក Fred Trump តែងតែងគាំទ្រ ជួយដល់ លោក ត្រាំ ពេលជួបញ្ហាហិរញ្ញាវត្ថុ ។ សារព័ត៌មានញូវយ៉កថាមស៍បានចោទប្រកាន់គ្រួសារលោកត្រាំ ប្រើគ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន ទាំងការខុសច្បាប់ ដើម្បីកាត់បន្ថយពន្ធដែល ត្រូវបង់ជូនរដ្ឋ។

មេធាវី Charles J. Harder តំណែង ឲ្យប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសថា «ការចោទប្រកាន់ របស់កាសែតញូវយ៉កថាមស៍ ទៅលើ ប្រធានាធិបតី ត្រាំ និងគ្រួសារ គឺខុស ១០០ភាគរយ ។ គ្មានអ្នកណាគេចពន្ធ នោះឡើយ ការចោទប្រកាន់គ្មានការពិតនោះទេ»។

បើទោះបីបែបណាក្តី ការផ្សាយរបស់សារព័ត៌មានខាងលើ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រធានាធិបតី ត្រាំ នៅពេលបោះឆ្នោតជិតពាក់កណ្តាលអាណត្តិ ខិតជិតមកដល់នោះ។ កន្លងមក ក្រុមអ្នកស្រាវជ្រាវ ក៏បានបើកការស្រាវជ្រាវទៅលើមូលនិធីរបស់លោក ត្រាំ ដែលមានឈ្មោះថា Trump Foundation ។

នៅក្នុងសេក្តីប្រកាស លេខាព័ត៌មានសេតវិមាន លោកស្រី Sarah Sanders បានបញ្ជាក់ថា «លោក Fred Trump បានស្លាប់តាំងពីជិត២០ឆ្នាំកន្លងមក ហើយពិតជារឿងសោកស្តាយដែលត្រូវប្រឈមនឹង ការវាយប្រហារដោយខុសឆ្គង ពីសារព័ត៌មាន ញូវយ៉កថាមស៍ ដែលជាសារព័ត៌មានបរាជ័យ នៅក្នុងការវាយប្រហារទៅលើគ្រួសារ លោកប្រធានាធិបតីដូណាល់ ត្រាំ។ កាលពីជិត២០ឆ្នាំ រឿងពន្ធដារ មន្ត្រីអាមេរិកបានត្រួតពិនិត្យ ដោយយល់ស្របទៅលើពន្ធដារទាំងនោះ»។

ក្រៅពីចោទប្រកាន់គេចពន្ធ សារព័ត៌មានញូវយ៉កថាមស៍ បានចាត់ទុកថា លោកត្រាំ មិនមែនជាមហាសេដ្ឋី រកប្រាក់ដោយខ្លួនឯងឡើយ គឺមានប្រាក់បន្សល់ទុកពីឪពុក ។ កន្លងមក លោកត្រាំ បាននិយាយថា លោកទទួលបានប្រាក់តែ១លានដុល្លារប៉ុណ្ណោះ ពីឪពុករបស់លោក ។

តាមឯកសារ ដែលសារព័ត៌មានខាងលើ បានស្រាវជ្រាវ បង្ហាញឲ្យឃើញថា លោកត្រំា និងបងប្អូន ទទួលបានប្រាក់ពីឪពុកទុកឲ្យមានរហូតដល់ទៅ៤១៣លានដុល្លារ ៕ ម៉ែវ សាធី


ចែករំលែក៖