ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានបង្ហាញខ្លួនមុខសញ្ញាលួចឆក់ យ៉ាងសកម្ម ៣នាក់ ឲ្យអ្នកសារព័ត៌មានបានឃើញ ។
លោកវរសេនីយ៍ឯកស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ៖ នៅវេលាម៉ោងប្រមាណ១៨:៣០ នាទី ព្រលប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវកែងអិលវី ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានកើតឡើង នូវបទល្មើស ឆក់យកទូរសព្ទ័ដៃ របស់ស្រ្តីជនជាតិចិនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវ ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូហុងដា ឌ្រីម ឆ្នាំ២០១៨ ពណ៌ខ្មៅមួយគ្រឿង លេខព្រះសីហនុ 1H-7241។
ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ បានស្វែងរកជនសង្ស័យ ដែលជិះម៉ូតូដូចមានភិនភាគខាងលើ ក៏បានប្រទះឃើញ ជនសង្ស័យដឹងខ្លួន បានជិះម៉ូតូរត់គេច ហើយបោះទូរស័ព្ទចោល នៅមុកមន្ទីរពេទ្យអន្តរជាតិ មានគេរើសយកទៅបាត់ទៅ។ កម្លាំងសមត្ថកិច្ច បានដេញមកដល់ មុខហាងឌឹភីហ្សាខមភេនី ទើបឃាត់ខ្លួនបានជនសង្ស័យ បាន២នាក់ ៖
១-ឈ្មោះ វណ្ណ ច័ន្ទឆានុន ភេទប្រុស អាយុ ១៧ឆ្នាំសិស្ស មានទីលំនៅ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ( ជាអ្នកបើកម៉ូតូ ) ។
២-ឈ្មោះ ខៀវ សុជា ភេទប្រុស អាយុ ១៥ឆ្នាំ សិស្ស មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ( អ្នកជិះពីក្រោយ ជាអ្នកឆក់ ) និង ចាប់យកបាន ម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៨ មួយគ្រឿង ពណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-7241 មធ្យោបាយធ្វើសកម្មភាព ) ។
ម្ចាស់ទូរសព្ទ័ជាស្ត្រីជនជាតិចិន មិនបានមកដាក់ពាក្យបណ្តឹងឡើយ ទូរស័ព្ទ ដែលបាត់ម៉ាក IPHONE X ពណ៌ស ។
ទាក់ទងទៅ នឹង ការបង្ក្រាបបទល្មើសខាងលើនេះ លោកវរសេនីយ៍ឯក ស៊ុត សំអុន បានឲ្យដឹងថាៈ ក្រោមការបញ្ជា ដឹកនាំផ្ទាល់ របស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយ រកឃើញទីកន្លែងលាក់ខ្លួន របស់ក្រុមចោរ លួចឆក់យ៉ាងសកម្ម បានឆែករកឃើញឧបករណ៍សំរាប់កាច់សោម៉ូតូ ស្លាកលេខម៉ូតូចំនួន៥បន្ទះ មានទីតាំងនៅភូមិអូរចំណារ ឃុំអូរអូរឧកញ៉ា ស្រុកព្រៃនប់ និងចាប់ខ្លួនគ្នាវាបានម្នាក់ទៀត នៅសល់៤នាក់ កំពុងគេចខ្លួន។
ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ