ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន៤កន្លែងក្នុងខណ្ឌដូនពេញ ដកហូតទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៨ទូ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជារឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហកាជាមួយ លោក លឹម ស៊ាងជោ ក្រឡាបញ្ជីរតំណាងលោក សៀង សុខ ព្រះរាជអាជ្ញារង នឹងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះឆ្មក់បង្ក្រាបទីតាំងល្បែងបាញ់ត្រីខុសច្បាប់ ចំនួន៤ទីតាំង និងដកហូតទូហ្គេមជាច្រើនគ្រឿងផងដែរ។

លោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយមានការអនុញ្ញាតិពីលោក សៀង សុខ ជាព្រះរាជអាជ្ញារង នឹងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយទទួលបានបណ្តឹងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ លោក សុខ ពេញវុធ បានបញ្ជាឲ្យលោក ចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៤ទីតាំង ដែលកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះឆ្មក់បង្ក្រាប មានដូចជា៖ ទី១- នៅផ្លូវលេ៥៣ ផ្ទះលេខគ្មានលេខ សង្កាត់ផ្សារថ្មីទី១ បានចំនួន២ទូហ្គោម, ទី២- ស្ថិតនៅផ្ទះលេខ៦៩E0 ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មី១ បានចំនួន២ទូហ្គោម, ទី៣-នៅផ្ទះលេខគ្មានលេខ ក្រោយT3 សង្កាត់ជ័យជំនះ បានចំនួន២ទូហ្គោម, ទី-៤ នៅក្នុងផ្សារតូចផ្លាហ្សារ សង្កាត់ស្រះចក បានចំនួន២ទូហ្គោម ។

ក្រោយចុះត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា មានទូហ្គេមបាញ់ត្រីចំនួន៨ទូ បន្ទាប់ពីធ្វើកំណត់ហេតុដកហូតរួចមក គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតនូវទូហ្គេមបាញ់ត្រីខុសច្បាប់ចំនួន៨ទូ យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដើម្បីមានវិធានការបន្តនីតិវិធី ៕ ស តារា


ចែករំលែក៖