ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកកាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ នៅមុខផែស្ងួតតិចស្រ៊ុន ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ អ៊ុន ផាន់ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ អ្នកបើករថយន្ត ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិ អង្គតាភោគឃុំសន្លុង ស្រុកត្រាំង ខេត្តតាកែវ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1N-7653 ក្នុងទិសដៅពីជើងទៅត្បូងឆ្លងផ្លូវក៏ម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង់ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ1CR-5139 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ចំពាក់កណ្តាលម៉ូតូ បណ្តាលឲ្យឌួលបោកនឹងថ្នល់បែកក្បាលហូរឈាមស្រោចពេញក្បាល ហើយម្នាក់ទៀតរងរបួសស្រាល ។ ភ្លាមៗ នោះជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះផងដែរ ប៉ុន្តែជាអកុសលរថយន្តសង្គ្រោះដឹកចេញបានបន្តិច ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្ដង។
ក្រោយកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍បានមកដល់កើតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកវាស់វែង និងធ្វើលិខិតប្រគល់សាកសពឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។ ចំណែក ម៉ូតូទាំង២គ្រឿង ត្រូវបានជំនាញចរាចរណ៍ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ សុខាសែនជ័យ