កាលពីថ្ងៃទី ២ ខែតុលា រដ្ឋាភិបាលអ៊ីរ៉ាក់ បាន បោះឆ្នោត ជ្រើសរើសប្រធានាធិបតី ថ្មី គឺជាអ្នកនយោបាយជនជាតិ ឃឺដ (Kurd ) លោក Barham Salih ។ ក្រោយពេលសភាបោះឆ្នោតជ្រើសរើសជាប្រធានាធិបតី នៅក្នុងសភា លោកក៏បានសម្រេច តែងតាំងនាយករដ្ឋមន្ត្រីថ្មី ដើម្បីបញ្ចប់ភាពជាប់គាំនយោបាយ ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងមក ។
លោក Salih ទទួលបានសំឡេងគាំទ្រចំនួន ២១៩សំឡេង ពីសំណាក់សមាជិកសភាសរុប២៧២នាក់ ដែលបានបោះឆ្នោតនៅក្នុងជុំទីពីរ ដោយយកឈ្នះលើគូប្រជែងរបស់លោក គឺលោក ហ្វាដ ហ៊ូស្សេន (Fuad Hussein) ដែលទទួលបានការគាំទ្រត្រឹម ២២សំឡេងប៉ុណ្ណោះ។
ដោយឡែក កាលពីការបោះឆ្នោតជុំទីមួយវិញ បេក្ខភាពប្រហែល ២០នាក់ ដែលចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអ៊ីរ៉ាក់ បានទទួលបរាជ័យ ដោយសារសុទ្ធតែពុំអាចរកសំឡេងចាំបាច់ ពីរភាគបី នៃសមាជិកសភាទាំងអស់ ៣២៩នាក់បាន ប៉ុន្តែលោក Salih ទទួលបានសំឡេងឆ្នោត ១៦៥សំឡេងច្រើនជាងគេ ខណៈលោក Hussein ឈរនៅលេខពីរជាមួយសំឡេងគាំទ្រ ៨៩សំឡេង ពីសំណាក់សមាជិកសភាប្រមាណ ៣០០នាក់ ដែលបានបោះឆ្នោតនៅជុំទីពីរ ។
គួរជម្រាបថា យោងតាមរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ បេក្ខភាពដែលអាចក្លាយជាប្រធានាធិបតីជាប់ឆ្នោត ត្រូវតែទទួលបានសំឡេងពីរភាគបី ក្នុងចំណោមសមាជិកសភាចំនួន ៣២៩រូប បើពុំមានការគាំទ្រដល់សំឡេងពីរភាគបីទេនោះ បេក្ខភាពពីររូបដែលមានសំឡេងគាំទ្រច្រើនជាងគេបំផុត ត្រូវប្រកួតប្រជែងជាមួយគ្នានៅជុំទីពីរ ហើយចុងក្រោយបេក្ខភាពណាទទួលបានសំឡេងភាគច្រើន នឹងត្រូវប្រកាសឡើងជាប្រធានាធិបតីនៃប្រទេសអ៊ីរ៉ាក់៕ ម៉ែវ សាធី