ប្រទេសជប៉ុន៖ នៅព្រឹកថ្ងៃទី ៩ ខែ តុលាឆ្នាំ២០១៨ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី១០នៃកិច្ចប្រជុំពេញអង្គដែលធ្វើឡើងនៅវិមានរដ្ឋ ទីក្រុងតូក្យូ ប្រទេសជប៉ុន។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះមាន លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ, លោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម, លោក ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និង លោកស្រី អ៊ុង សានសូជី ទីប្រឹក្សារដ្ឋ នៃប្រទេសមីយ៉ាន់ម៉ា ជាមួយគណៈប្រតិភូជាច្រើនរូបទៀតផង។
នៅក្នុងកិច្ចប្រជុំកំពូលព្រឹកមិញនេះ មុននឹងថ្លែងសុន្ទរកថាគន្លឹះ សម្តេចតេជោនាយករដ្ឋមន្រ្តីផ្ទាល់ និង តាំងនាមឲ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយប្រជាជនជប៉ុន ជាពិសេសគ្រួសារសាច់ញាតិអ្នកដែលបានបាត់បង់ជីវិត និងរងគ្រោះដោយការបំផ្លិចបំផ្លាញដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរថ្មីៗនេះនៅភាគខាងលិចរួមទាំងគ្រោះរញ្ជួយដីខ្លាំងក្លានៅភាគខាងជើងនៃប្រទេសជប៉ុនផងដែរ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ បានអបអរសាទរនឹងគាំទ្រចំពោះ លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) និងជានាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនបន្តទៀត។
ថ្លែងទៅកាន់អង្គប្រជុំទាំងមូលគឺសម្តេចប្រមុខដឹកនាំបានបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការមេគង្គជប៉ុនគឺបានបង្កើតឡើងនូវសមិទ្ធផលដ៏ធំធេងដែលជួយដល់ការអភិវឌ្ឍនៃបណ្ដាប្រទេសតំបន់មេគង្គ និងជប៉ុនដោយសារតែការដឹកនាំនយោបាយដ៏រឹងមាំជាពិសេសការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមេគង្គនិងជប៉ុន។ ទន្ទឹមនឹងនេះកិច្ចសហប្រតិបត្តិការមេគង្គជប៉ុនទទួលបាននូវភាពជោគជ័យក៏ដោយសារតែយើងមានចក្ខុវិស័យនិងយុទ្ធសាស្រ្តត្រឹមត្រូវ ជាពិសេសយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មីឆ្នាំ ២០១៥ ដែលមានផែនការសកម្មភាពជាក់លាក់ឆ្ពោះទៅអនាគត រួមមានគំនិតផ្ដួចផ្ដើមតភ្ជាប់ជប៉ុន មេគង្គ និងទស្សនវិស័យអភិវឌ្ឍន៍ឧស្សាហកម្មមេគង្គ ។
សម្តេចតេជោបន្តទៀតថា សកម្មភាពរួមគ្នានិងសមិទ្ធផលជាក់ស្ដែងរបស់យើងក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះបានរួមចំណែកធ្វើឱ្យអនុតំបន់មេគង្គក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនពិភពលោកស្របគ្នាទៅនឹងសមាហរណកម្មក្នុងសហគមន៍អាស៊ានដែលកំពុងមានការរីកចម្រើនទៅមុខ។ ក្នុងន័យនេះសម្តេចតេជោបានវាយតម្លៃខ្ពស់និងអរគុណចំពោះការប្ដេជ្ញាចិត្តរបស់ជប៉ុនក្នុងការជំរុញកំណើនប្រកបដោយគុណភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់។ សម្តេចតេជោក៏បានបញ្ជាក់ពីសារៈសំខាន់ក្នុងការតភ្ជាប់សន្តិភាពទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាពដែលជាតម្លៃស្នូលនៃកិច្ចសហប្រតិបត្តិការទាំងមូល ជាពិសេសសម្រាប់បណ្តាប្រទេសមេគង្គដែលធ្លាប់ឆ្លងកាត់សង្គ្រាមនិងជម្លោះក្នុងអតីតកាលថ្មីៗ និងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលមានទំហំធំធេងណាស់ដែលតម្រូវឲ្យមានការចុះខ្សោយ។ ក្នុងន័យនេះយើងគប្បីប្រកាន់យកជានិច្ចនូវអភិក្រមនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងពហុនិយម និងពហុភាគីនិយមដែលឈរលើស្មារតីនៃការទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមកជាមួយនឹងចក្ខុវិស័យវែងឆ្ងាយសម្រាប់វិបុលភាពរួមរបស់យើង។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអរគុណចំពោះគំនិតផ្ដួចផ្ដើមរបស់ជប៉ុនសំរាប់ឆ្នាំ២០១៩ ជាឆ្នាំនៃការផ្លាស់ប្ដូរទំនាក់ទំនងមេគង្គជប៉ុនដើម្បីលើកកំពស់ការយោគយល់គ្នាទៅវិញទៅមកនូវការផ្លាស់ប្ដូរទំនាក់ទំនងរវាងប្រជាជននៃបណ្តាប្រទេសមេគង្គនិងជប៉ុន។ ទំនាក់ទំនងនៃការផ្លាស់ប្ដូរសេដ្ឋកិច្ចនិងប្រជាជនកម្ពុជាស្វាគមន៍ការប្ដេជ្ញារបស់ជប៉ុនក្រោមយុទ្ធសាស្ត្រ “ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហ” ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាពនិងបង្កើនការតភ្ជាប់សម្រាប់តំបន់របស់យើង ក្នុងនោះរួមទាំងការតភ្ជាប់តំបន់មេគង្គទៅមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក និងមានឧត្ដមភាពភូមិសាស្រ្តក្នុងការទទួលផលប្រយោជន៍ជាច្រើនតាមរយៈការសម្រេចបាននូវគោលដៅតំបន់ (ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ)នេះ។ ជាក់ស្ដែងដូចជាការតភ្ជាប់រយៈពេលនៃការសាងសង់ស្ពានអ្នកលឿង ការអភិវឌ្ឍបន្តផ្លូវជាតិលេខ៤ ដែលជាផ្នែកមួយនៃរបៀងសេដ្ឋកិច្ចខាងត្បូងបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ក៏ដូចជាអនុតំបន់មេគង្គទាំងមូល។ សម្តេចតេជោ បានលើកទឹកចិត្តអោយមានសកម្មភាពផ្លាស់ប្ដូរសេដ្ឋកិច្ចបែបនេះកាន់តែច្រើនឡើងបន្ថែមទៀតរវាងជប៉ុន និងតំបន់មេគង្គហើយសូមផ្ដល់នូវការគាំទ្រពេញទំហឹងចំពោះការតភ្ជាប់ឧស្សាហកម្មដែលត្រូវដាក់ចេញនៅក្នុងយុទ្ធសាស្រ្តទីក្រុងតូក្យូឆ្នាំ២០១៨នេះ។
ទាក់ទងទៅនឹងការវិវត្តថ្មីៗនៅឧបទ្វីបកូរ៉េ គឺកម្ពុជាស្វាគមន៍ចំពោះកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានពីមុនមករវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំងកិច្ចប្រជុំកំពូលរវាងប្រទេសកូរ៉េទាំងពីរផងដែរ។ កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកយុគ្គសម័យនៃភាពធូរស្រាលដែលអំណោយផលដល់ការពិភាក្សាបន្តអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង និងការបង្កើតជាបណ្តើរៗនូវសន្តិភាពយូរអង្វែងក្នុងឧបទ្វីបកូរ៉េ។ កម្ពុជាពិតជាយល់នូវការព្រួយបារម្ភរបស់ជប៉ុនអំពីបញ្ហាកូរ៉េខាងជើងនឹងគាំទ្រការសម្រេចចិត្តរបស់ជប៉ុនដើម្បីដោះស្រាយបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុនដោយកូរ៉េខាងជើង។ សម្តេចតេជោ ហ៊ុន សែន បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថាកម្ពុជាក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀតក្នុងទិសដៅរក្សាសន្តិភាព ស្ថេរភាព និងវិបុលភាពក្នុងតំបន់ព្រមទាំងធ្វើឲ្យចំណងមិត្តភាពរវាងមេគង្គនិងជប៉ុនមានភាពកាន់តែជ្រាលជ្រៅ ជាងនេះទៅទៀតសម្តេចតេជោ ហ៊ុន សែន បានអរគុណរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលបានគាំទ្រនិងផ្តល់ជំនួយជាច្រើនមិនអាចកាត់ថ្លៃបានសម្រាប់កិច្ចអភិវឌ្ឍបណ្ដាប្រទេសមេគង្គផងដែរ៕