ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាទ្វេភាគីជាមួយ​អគ្គលេខាធិការ​ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ

ចែករំលែក៖

នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីជំនួបជាមួយ​ នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ម៉ុឃីសា គីទុយី (Mukhisa Kituyi) អគ្គលេខាធិការ នៃសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។

ឯកឧត្តម ម៉ុឃីសា គីទុយី បានមានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា នៅព្រឹកថ្ងៃទី២៣​ តុលា ថ្នាក់ដឹកនាំទាំងអស់ នឹងបានស្តាប់នូវការថ្លែងសុន្ទរ​កថាគន្លឹះរបស់សម្តេច ក្នុងសន្និ​សីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ ឯកឧត្តមមានប្រសាសន៍បន្តថា យើងពិតជាបានធ្វើនូវ​ទំនាក់ទំនងដ៏ល្អជាមួយគ្នាកាលពីពេលកន្លងមក ហើយអ្វីដែលឯកឧត្តមមានការសប្បាយបំផុតនោះ គឺវត្តមានរបស់សម្តេចក្នុងការអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទដ៏មានសារៈសំខាន់បំផុតនេះ។ ឯកឧត្តមបន្តថា ឯកឧត្តម នឹងបន្តជួយដល់កម្ពុជា ដើម្បីឲ្យទទួលបាននូវការប្រកួតប្រជែងខ្ពស់ថែមទៀត លើឆាកអន្តរជាតិ ពិសេសលើការនាំចេញកង់ និងផលិតផលផ្សេងៗទៀត។ ឯកឧត្តមក៏បានចាត់ទុកថា កម្ពុជាគឺជាប្រទេសដែលមានឆន្ទះខ្ពស់ ពោលគឺបានប្រែក្លាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងបន្តទៅមុខ​ទៀត។ ឯកឧត្តមក៏បានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត ក្នុងការជំ​រុញការអភិវឌ្ឍ។ ឯកឧត្តមបន្តថា វេទិកាដែលរៀបចំនៅក្នុងឆ្នាំ២០១៨នេះ គឺដើម្បីធ្វើឲ្យប្រ​ទេសទាំងអស់ លើពិភពលោកអាចចែករំលែកគ្នា ពិសេសកម្ពុជាដែលមានបទពិសោធន៍ល្អ លើការអភិវឌ្ឍ ក្នុងនោះសម្តេចតេជោអាចចែករំលែកដោយផ្ទាល់ ជាមួយនឹងបណ្តាមេដឹកនាំដ៏ទៃ ទៀត។ ឯកឧត្តមបន្តថា វេទិកាក្នុងឆ្នាំ២០១៨នេះ មានអ្នកចូលរួមប្រមាណ ៦ពាន់៦០០នាក់ មានប្រធានាធិបតី១០រូប នាយករដ្ឋមន្រ្តី៣រូប។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្តេចពិត​ជា​មានការរីករាយដោយបាន​ជួប​ពិភាក្សាជាថ្មីម្តងទៀត ជាមួយឯកឧត្តមអគ្គលេខា​ ​បន្ទាប់​ពីជំនួប​លើកទី១ ធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ សម្តេចតេជោបន្តថា បើទោះបីជាកម្ពុជាបានឆ្លងកាត់ពីប្រទេសក្រីក្រ ទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ពិតមែន ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ តាមរយៈនេះ សម្តេចសូមថ្លែងអំណរគុណចំពោះអង្គការសហប្រជាជាតិ ដែលតែងតែជួយដល់កម្ពុជាកាលពីពេលកន្លងមក និងទាំងក្នុងពេលបច្ចុប្បន្ន។

សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ស្វាគមន៍ចំពោះ ឯក​ឧត្តមអគ្គលេខាធិការ នៃសន្និសីទអង្គការសហប្រជាជាតិ ដែលបានសន្យាបន្តគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕


ចែករំលែក៖