ខេត្តបាត់ដំបង៖ ទេសរដ្ឋមន្រ្តី គន់ គីម តំណាងសម្តេចតេជា ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បាននាំយកអាវរងារដែលជាអំណោយរបស់សម្តេចទាំងពីរទៅចែកជូនកងកម្លាំងប្រដាប់អាវុធ នៅសមរភូមិទិសទី៤ នៃយោធភូមិភាគទី៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤។
ថ្លែងក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បាននាំការផ្តាំផ្ញើសួរសុខទុក្ចរបស់សម្តេចទាំងពីរ ជូនដល់កងកម្លាំងទាំងអស់ និងក្រុមគ្រួសារ ដោយទឹកចិត្ត អាណិតស្រឡាញ់ និងយល់ពីការលំបាករបស់កងទ័ព ទើបសម្តេចឲ្យលោកនាំយកអាវងារមកចែកជូន ឲ្យបានទាន់ពេលដូច្នេះ កងទ័ពទាំងអស់ត្រូវដឹងគុណសម្តេច ហើយធ្វើខ្លួនឲ្យក្លាយជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល។
បន្ថែមពីនេះ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែគោរព និងអនុវត្តតាមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងត្រូវត្រៀមខ្លួនធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីភាពសុខសាន្តរបស់ប្រទេសជាតិ មិនឲ្យអ្នកណាមកបំផ្លាញបានឡើយ។
ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចទាំងពីរ ដែលកងទ័ពចាត់ទុកសម្តេចទាំងពីរ ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព ព្រោះសម្តេចតែងតែដោះស្រាយរាល់ការលំបាក ដូចជាផ្តល់ដី ផ្តល់ផ្ទះសម្បែង ប្រេងបូមទឹក ប្រាក់ហូបបន្ថែម តម្លើងប្រាក់ខែជារៀងរាល់ឆ្នាំ ជាពិសេសខែភ្លៀងចែកអាវភ្លៀង ខែរងារចែកអាវរងារ និងសូមប្តេជ្ញាចិត្តការពារសម្តេចតេជោ ហ៊ុន សែន ការពាររាជរដ្ឋាភិបាល ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងនាំប្រទេសជាតិទៅរកអស្ថេរភាពសង្គម។
សូមបញ្ជាក់ថា អាវរងារដែលទេសរដ្ឋមន្ដ្រី គន់ គីម នាំមកជូនកងកម្លាំងនៅថ្ងៃនេះ ចំពេលដែលតំបន់នេះកំពុងត្រជាក់ ហើយជានិច្ចកាលនៅឲ្យតែដល់រដូវនេះ គេតែងឃើញលោក នាំយកអំណោយជូនកងទ័ពជានិច្ចមិនដែលរំលងនោះឡើយ ក្រោយមានការណែនាំ និងចង្អុលបង្ហាញពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕