ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការិនីចំនួន ៦,៧៨៥ នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ រោងចក្រចំនួន៤ ដែលបានអនុញ្ញាត្តិឲ្យកម្មករ កម្មការិនីជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះគឺមកពីខេត្តកណ្ដាល ចំនួន២រោងចក្រ មានកម្មករនិយោជិត ចំនួន៤,៨០៣នាក់ និងមកពីរាជធានីភ្នំពេញចំនួន២ រោងចក្រ មានកម្មករនិយោជិតចំនួន១,៩៨២នាក់ ដែលមានអ្នកវិនិយោគមកពីប្រទេសចិន ចំនួន២, អង់គ្លេសចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៣ និងផលិតក្ដារបន្ទះចំនួន១ ហើយផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្ដរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បាយរីករាយជាខ្លាំង ដែលបានអញ្ជើញចុះជួបសំណេះសំណាលជាមួយកូនក្មួយកម្មករបន្តទៀតនៅតំបន់រោងចក្រ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកូនក្មួយទាំងអស់ដែលបានគោរពស្រលាញ់ សម្តេចតេជោរហូតមក។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណម្ចាស់រោងចក្រទាំងអស់ដែលបានអនុញ្ញាតឲ្យកូនក្មួយកម្មករបានឈប់សំរាកនៅល្ងាចថ្ងៃនេះដោយមានប្រាក់ឈ្នួលពេញ។ នេះគឺបានបង្ហាញពីក្តីស្រឡាញ់និងយកចិត្តទុកដាក់ព្រមទាំងសាមគ្គីភាពល្អរវាងកម្មករ និងម្ចាស់រោងចក្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កូនក្មួយៗកម្មករ ក៏ដូចបងប្អូនប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ដែលបាននាំគ្នាបំពេញភាកិច្ចជាពលរដ្ឋល្អចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យដោយបានទៅបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ និង សូមអរគុណដែលបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍន៍ដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិកើនដល់ ៧.៣% នៅឆ្នាំ២០១៨។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីលទ្ឋផលជោគជ័យនៅក្នុងដំណើរបេសកម្មនៅក្រៅប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ ដែលសម្តេចតេជោបានសម្រេចនូវកិច្ចការងារសំខាន់ៗជាច្រើនសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដូចជាភាពជោគជ័យនៅអង្គការសហប្រជាជាតិ ដែលសម្តេចតេជោបានថ្លែងសារសំខាន់ៗទៅកាន់ពិភពលោក រួមទាំងបំណងល្អរបស់កម្ពុជាក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាមួយអង្កការសហប្រជាជាតិ ការបង្កើនកិច្ចទំនាក់ទំនងការទូត និងសហប្រតិបត្តិការល្អជាមួយប្រទេសជាច្រើនលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ គឺកម្ពុជាក៏បានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅក្នុងឆ្នាំ២០២០ (ASEM 2020) ខាងមុខនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០១៩ ខាងមុខនេះតទៅ ប្រាក់ខែអប្បបរិមារបស់កម្មករគឺត្រូវបានតម្លើងពី ១៧០ ដុល្លារ ទៅដល់ ១៨២ដុល្លារ ដែលជាការអនុវត្តតាមការសន្យា។ សម្តេចតេជោ បានបញ្ជាក់ថាតាមរយៈការពិភាក្សាភាគីម្ចាស់រោងចក្រហ៊ានឲ្យត្រឹមតែ ១៧៧ ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ តែរាជរដ្ឋាភិបាលត្រូវចំណាយ ៥ដុល្លារបន្ថែមទៀតជូនកម្មករ។ ចំពោះតំលៃអគ្គិសនី ក៏ត្រូវបានបញ្ចុះឲ្យមកទាបផងដែរ ដើម្បីបង្កភាពកាន់តែងាយស្រួលដល់ម្ចាស់រោងចក្រ។
នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីម្តងទៀតថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធ្វើពិធីបុណ្យធំដើម្បីរំលឹកដល់ខួប ២០ឆ្នាំជោគជ័យនៃនយោបាយ ឈ្នះ-ឈ្នះ ដែលមានចំនួន៣ថ្ងៃ គឺនៅថ្ងៃទី២៩,៣០,៣១ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
ដើម្បីជំរុញការអនុវត្តការងារអោយមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តដាក់ចេញនូវអនុសាសន៍សំខាន់ៗ១០ចំណុចដូចខាងក្រោមៈ
១)ត្រូវអនុវត្តបើកប្រាក់ខែអប្បបរិមាដល់កម្មករក្នុងឆ្នាំ ២០១៨ គឺ ១៧០ ដុល្លារ បើក្រុមហ៊ុនផ្តល់ជូនកម្មករលើសនេះគឺរិតតែល្អប្រសើរ។ ប៉ុន្តែចាប់ពីឆ្នាំ២០១៩ ទៅ គឺប្រាក់ខែអប្បបរិមាកម្មករគឺ ១៨២ ដុល្លារសហរដ្ឋអាមេរិក។
២)ត្រូវអនុវត្តការចុះពិនិត្យនៅតាមមន្ទីពេទ្យរដ្ឋចំពោះការពិនិត្យសុខភាព និងការព្យាបាល កម្មករកម្ម ការិនី រោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវបានអនុវត្តដូចគ្នាជា ពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើអោយបានម៉ត់ចត់។
៣)ត្រូវអនុវត្តចំពោះស្រ្តីមានផ្ទៃពោះសំរាលកូនគឺនឹងទទួលបានពេលវេលាឈប់សម្រាក ពីការងាររយៈ ពេល៣ខែ ហើយទទួលបានប្រាក់ខែ ១២០% (៥០% ដោយក្រុមហ៊ុន និង ៧០%ដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឲ្យបានដិតដល់ចំពោះការអនុវត្តសកម្មភាពនេះ។
៤)ត្រូវអនុវត្តចំពោះកម្មការិនីសម្រាលបានកូន(១)គឺទទួលថវិកា៤០ម៉ឺនរៀលនិងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបាន កូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានជម្រាបផងដែរថា នៅពេលដ៏ខ្លី ខាងមុខនេះ ចំពោះកូនក្មួយកម្មការិនីក្រីក្របំផុតនោះគឺនឹងទទួលបាននូវប្រាក់ឧបត្ថម្ភប្រមាណ ៧៦០,០០០៛ (១៩០ដុល្លារ)។
៥)ត្រូវអនុវត្តចំពោះរបបសន្តិសុខសង្គម ដោយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករកម្មករនី មិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦)អនុវត្តតាមដានមើលបញ្ហា ទឹក ភ្លើង គឺត្រូវខិតខំបន្ត តទឹកតភ្លើងដល់ផ្ទះរបស់កម្មករយើង ដែលនៅ ឆ្ងាយដែលមិនទាន់ទៅដល់ឲ្យបានគ្រប់គ្រាន់ និងតំលៃផ្ទះជួលដល់កម្មករកម្មការិនីកុំ អោយមានការ ឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមកយើងមានកំណត់រួចរាល់ហើយ។
៧)អនុវត្តប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ទៅក្មួយកម្មករ និងទទួលបានប្រាក់ ចូលនិវត្តន៍(ប្រាក់រឺត្រែត)ដូចច្នេះក្នុងរយៈពេល១ឆ្នាំ(២០១៨)ត្រូវត្រៀមរៀបចំអោយហើយដើម្បីឲ្យដំណើរការបានល្អនៅក្នុងឆ្នាំ២០១៩នូវរបបសោធននិវត្តន៍នេះ។
៨)អនុវត្តចូលរួមបន្តយកចិត្តទុកដាក់និងដោះស្រាយបញ្ហាផ្សេងៗដែលបងប្អូនពលករទៅក្រៅប្រទេសជួយសម្រួលនូវបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវល័ក្ខខ័ណ្ឌការងារល្អ ប្រសើរ។
៩)ក្រសួងការងារត្រូវចុះអនុវត្តតាមដានភ្លាមៗឲ្យបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈម នានាចំពោះកម្មករនៅពេលដែលម្ចាស់រោងចក្ររត់ចោល។ ក្នុងនោះគឺត្រូវដោះស្រាយផ្តល់ប្រាក់ឈ្នួល ជាបន្ទាន់ដល់កម្មករដែលបានធ្វើការក្នុងពេលដែលថៅកែរោងចក្របានរត់ចោល ហើយត្រូវបន្តដោះ ស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់ក ម្មករ កម្មការិនីអោយបានឆាប់បំផុត។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យ បង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខសុវត្ថិភាពកម្មកក្នុងពេលធ្វើដំណើរតាមរថយន្តម៉ៅការដឹកកម្មករ។ រថយន្តស៊ីឈ្នួល ដឹកកម្មករ ទាំងអស់ត្រូវតែមានការប្រុង ប្រយ័ត្នខ្ពស់ក្នុងការធានាដល់ សុវត្ថិភាព កម្មកររួមដំណើរក្នុងពេលបើកបរ។
១០)ត្រូវបន្តដោះស្រាយជួយពលករដែលកំពុងធ្វើការនៅក្រៅប្រទេសធ្វើយ៉ាងណាអោយកម្មករធ្វើការបានស្របច្បាប់។ សូមបងប្អូនកុំយល់ច្រឡំឬគិតថាខុស ក្នុងពេលដែលបងប្អូនកូនក្មួយទៅ ធ្វើការនៅប្រទេសគេ។ សូម្បីប្រទេសថៃក៏គេបញ្ជូនកម្មករទៅធធ្វើការនៅបរទេសដូចជានៅប្រទេសកូរ៉េ ជប៉ុន រីឯប្រទេសហ្វីលីពីនក៏បានបញ្ជូនពលរដ្ឋអោយទៅធ្វើការនៅបរទេសដូចជានៅកម្ពុជា និងនៅសហរដ្ឋអាមេរិកជាដើម។ ពលរដ្ឋគេបាននាំមកវិញនូវប្រាក់ចំណូលជាច្រើនសម្រាប់ប្រទេសគេ គឺមិនមែនជាការខ្មាសអៀនឬអាក្រក់អ្វីទេ។បច្ចុប្បនេះរាជរដ្ឋាភិបាលកម្ពុជាកំពុងបានខិតខំស្វែករកទីផ្សាការងារក្រៅប្រទេសផងដែរដូចជាកូរ៉េ ជប៉ុន និងប្រទេសមជ្ឍឹមបូពា ដូចជាប្រទេសអារ៉ាប់ជាដើម ដើម្បីផ្តល់ការងារដល់បងប្អូនខ្មែរឥស្លាមបានទៅធ្វើការនៅទីនោះ។កន្លងរាជរដ្ឋាភិបាលក៏បានជួយដោះស្រាយនឹងនាំយកកាន់ប្រទេសវិញចំពោះបងប្អូនកម្មករមួយវចំនួនដែលចាញ់បោកមេខ្យល់បោកយកទៅធ្វើការងារដោយខុសច្បាប់។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជូនពរបងប្អូនកូនក្មួយកម្មករ កម្មការិនី និយោជកទាំងអស់ ជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភនូវប្រាក់លើកទឹកចិត្តមួយចំនួនដល់កូនក្មួយកម្មការិនីមានផ្ទៃពោះចំនួន (២៩៧) នាក់ផងដែរ៕