កូរ៉េខាងជើង បានប្រកាសថា នឹងអនុញ្ញាតឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅត្រួតពិនិត្យទៅលើសកម្មភាពរំសាយអាវុធបរមាណូរបស់កូរ៉េខាងជើង ។ សហគមន៍អន្តរជាតិបង្ហាញការអបអរសាទរដល់ ភាពរីកចម្រើននៅក្នុងការរំសាយអាវុធបរមាណូ ដែលជាបំណងពិតប្រាកដរបស់មេដឹកនាំគីម ជុងអ៊ុន ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូនជេអ៊ីនបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង នឹងបំពេញទស្សនកិច្ច មកកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗនេះ តបតាមការអញ្ជើញរបស់ ប្រធានាធិបតីម៉ូន ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរថែមទៀត ។
សារព័ត៌មាន ស៊ីនហួរ នៅថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានផ្សាយថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានថ្លែងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងបំពេញទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗនេះ។
ថ្លែងនៅក្នុងសុន្ទរកថានៅចំពោះមុខសភាជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះលោក មូន បានលើកឡើងយ៉ាងដូច្នេះថា «ការបំពេញទស្សនកិច្ចរបស់លោកប្រធាន គីម ជុងអ៊ុន មកកាន់ទីក្រុងសេអ៊ូល នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ… ហើយវានឹងក្លាយប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ឧបទ្វីបកូរ៉េ និងជាឱកាសមួយដែលយើងមិនអាចឲ្យរំលងហួសបាន»។
ទោះបីជាបែបនេះក្តី លោក មូន មិនបានញ្ជាក់លម្អិតពីកាលបរិច្ឆេទ នៃដំណើរទស្សនកិច្ចរបស់លោក គីម នោះទេ។ លោក គីម និងលោក មូន បានជួបគ្នាចំនួន ០៣ លើកមកហើយក្នុងឆ្នាំ២០១៨ ដោយកាលពីខែមេសា ខែឧសភា ជំនួបរវាងមេដឹកនាំទំាងពីរធ្វើឡើងនៅឯភូមិ ផាន់ម៉ុនចុម (Panmunjom) រីឯលើកចុងក្រោយធ្វើឡើងក្នុងទីក្រុងព្យុយ៉ាង កាលពីខែកញ្ញា៕ ម៉ែវ សាធី