ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ត្រីមិនប្រយ័ត្នបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ក្នុងទឹកព្រែកនៅស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ឆក់ត្រីមិនប្រយ័ត្ន បណ្ដាលឲយឆក់ខ្លួនឯងស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងព្រែក បង្កមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈួន ម៉ាប់ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ២០ ជនរងគ្រោះបានជិះទូករបស់ខ្លួនចេញទៅឆក់ត្រីនៅក្នុងព្រែកដោយពុំឃើញជនរងគ្រោះត្រឡប់មកវិញទេ ។ លុះមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានពលរដ្ឋម្នាក់ឈ្មោះ កុយ ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ បានក្រោកពីដេកដើរទៅលប់មុខនៅកំពង់ទឹកព្រែកនៅខាងមុខផ្ទះឈ្មោះ កែម ជាវ ក៏ស្រាប់តែឃើញសាកជនរងគ្រោះស្លាប់នៅក្នុងទឹកព្រែក ដោយឃើញមានទូកប៉ាឡា និងឧបករណ៏ឆក់ត្រីនៅក្នុងទូកក្បែខ្លួនជនរងគ្រោះផងដែរ បង្កការភ្ញាក់ផ្អើលឡើងរត់មកប្រាប់ប្រពន្ធជនរងគ្រោះ និងប្រជាពលរដ្ឋជិតខាងបាននាំគ្នាទៅមើល រួចបន្ដរាយការណ៍ទៅសមត្ថកិច្ចជំនាញផងដែរ ។

ក្រោយពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មានខាងលើ ក៏ចុះទៅដល់កន្លែងកើតហេតុ រួចពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ត្រីធ្វេសប្រហែសឆក់ខ្លួនស្លាប់ប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖