ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៧ និង ០០នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច និងទទួលផលចោរកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ០២នាក់ រួមមាន៖ ១-ឈ្មោះ រស្មី វុធម៉ានី ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិសាមគី្គ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ទូច ពិនកុសាល្យ ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ ស៊ឹម សឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត ២-ឈ្មោះ គឹម ឆាង ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងរឹបអូសវត្ថុតាងបានម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដាឌ្រីម ផលិតឆ្នាំ២០១៤ លេខតួ -លេខម៉ាស៊ីន 986750 ។ តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ ទូច ពិនកុសាល្យ បានអោយដឹងថា ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ០៨ និង ៣០នាទី ខ្លួនបានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដឹកសម្ភារៈសំណង់ទៅអោយអតិថិជន នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លុះដល់ផ្ទះអតិថិជន ខ្លួនបានចតម៉ូតូនៅមុខផ្ទះ ហើយបានយកឥវ៉ាន់អោយអតិថិជននៅខាងក្នុងផ្ទះ ពេលខ្លួនចេញមកវិញស្រាប់តែបាត់ម៉ូតូរកមិនឃើញ ក៏មកដាក់ពាក្យបណ្តឹងតែម្តង និងតាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ រស្មី វុធម៉ានី បានអោយដឹងថា ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ១២ និង ៣០នាទី បុគ្គលិកហាងរបស់ខ្លួនបានជិះម៉ូតូម៉ាក SUZUKI FD-110 ពណ៌ខ្មៅ ផលិតឆ្នាំ២០03 ដឹកទំនិញទៅអោយអតិថិជន លុះត្រឡប់មកវិញបានចតម៉ូតូទុកនៅមុខហាងរបស់ខ្លួន (ដោយភ្លេចដកកូនសោរ) នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពេលមករកម៉ូតូជិះចេញក្រៅ ស្រាប់តែបាត់រកមិនឃើញ ទើបឆែកកាមេរ៉ាសុវត្ថិភាព ទើបឃើញជនសង្ស័យមិនស្គាល់អត្តសញ្ញាណយកជិះចេញទៅបាត់ ។
ក្រោយពីទទួលបានពាក្យបណ្តឹង លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យបានយ៉ាងជាក់លាក់ រហូតឈានដល់ការឃាត់ខ្លួន បានចំនួន ០២នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ចំណែកម៉ូតូ ០១គ្រឿងដែលរឹបអូសបាន កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រគល់ជូនម្ចាស់ដើមវិញហើយ និងកំពុងបន្តស្រាវជ្រាវរកម៉ូតូ ដែលជនសង្ស័យខាងលើបានលួច ដើម្បីយកមកប្រគល់ជូនម្ចាស់ដើមវិញ ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យឈ្មោះ ស៊ឹម សឿន បានសារភាពថា ៖ ខ្លួនបានប្រព្រឹត្តអំពើលួចម៉ូតូ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត បានចំនួន ០៥គ្រឿងមកហើយ ពេលលួចបាន គឺតែងយកទៅដាក់បញ្ចាំ(បញ្ចាំដាច់) និងលក់ទៅអោយឈ្មោះ គឹម ឆាង ចំណែកជនសង្ស័យឈ្មោះ គឹម ឆាង ពេលជនសង្ស័យខាងលើយកម៉ូតូមកបញ្ចាំដាច់ ឬលក់អោយ គឺតែងតែយកម៉ូតូទាំងនោះទៅលក់អោយអតិថិជនបន្តនៅតាមខេត្ត និងតំបន់ផ្សេងៗ តាមតម្រូវការរបស់អតិថិជន ។
ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ លួច និងទទួលផលចោរកម្ម បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ស សម