កម្លាំងទាហានជើងទឹកឥណ្ឌូនេស៊ី ដែលមានជំនាញមុជទឹក បានប្រកាសឲ្យដឹងថា បានរកឃើញប្រអប់់ខ្មៅមួយ ក្នុងចំណោមប្រអប់់ខ្មៅពីរ នៃយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកអ្នកដំណើរ ១៨៩នាក់បានធ្លាក់នៅសមុទ្រជិតកោះជ្វា កាលពីថ្ងៃទី២៩ ខែតុលា ។
ប្រអប់់ខ្មៅ បានផ្ទុករាល់សកម្មភាពទាំងអស់នៃការហោះហើររបស់ យន្តហោះដឹកអ្នកដំណើរនីមួយៗ ដោយមានតែប្រអប់ខ្មៅនេះទេ ទើប អាចបញ្ជាក់ពីមូលហេតុពិត បណ្តាលឲ្យយន្តហោះធ្លាក់ ។
ក្រុមជួយសង្គ្រោះឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី ១ ខែវិច្ឆិកា បានប្រកាសថា បានរកឃើញ និងស្រង់យកប្រអប់់ខ្មៅមួយ ក្នុងចំណោមប្រអប់់ខ្មៅទាំងពីរ (Flight Data Recorder និង Cockpit Voice Recorder) របស់យន្តហោះអាកាសចរណ៍ក្នុងស្រុក Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះជាមួយមនុស្ស ១៨៩នាក់ នោះហើយ។
ខណៈប្រតិបត្តិការរុករកបានឈានចូលដល់ថ្ងៃទី ៤ ប្រអប់់ខ្មៅខាងលើត្រូវបានរកឃើញ និងស្រង់ចេញពីផ្ទៃសមុទ្រនាវេលាម៉ោង ១០៖១៥នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ដែលយន្តហោះធ្លាក់ ប៉ុន្តែមិនមានការបញ្ជាក់នៅឡើយទេថា ជាប្រអប់់ខ្មៅផ្ទុកទិន្នន័យហោះហើរ ដែលគេហៅថា Flight Data Recorder ឬក៏ប្រអប់់ខ្មៅផ្ទុកសំឡេង ដែលគេហៅថា Cockpit Voice Recorder ។
គួរជម្រាបថា ក្រុមភ្នាក់ងារជួយសង្រ្គោះនិងរុករក បានផ្តោតសំខាន់ទៅលើការស្វែងរកប្រអប់់ខ្មៅទាំងពីររបស់យន្តហោះ ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមកំណត់មូលហេតុ ដែលបង្កឲ្យយន្តហោះ Boeing ស៊េរីថ្មីនេះធ្លាក់។ ដោយឡែកការស្វែងរកសាកសពអ្នកដំណើរ និងសម្ភារជាច្រើននៃយន្តហោះ ក៏បាននិងកំពុងធ្វើឡើងព្រមគ្នាដែរឈានចូលដល់ថ្ងៃទី ៤ នៃការរុករកនេះ៕ ម៉ែវ សាធី