ព័ត៌មានទាន់ហេតុការណ៍៖

ទើបតែលែងគ្នាជាមួយប្រពន្ធ ស្រាប់តែដេកស្លាប់ម្នាក់ឯងក្នុងផ្ទះផ្អើលសមត្ថកិច្ចខណ្ឌ៧មករា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះរបស់ខ្លួនឡើងស្អុយរលួយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅត្រួតពិនិត្យភ្លាមៗបន្ទាប់ពីឃើញមានស្នាមឈាមរហូតប្រឡាក់ឥដ្ឋការ៉ូ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៩យប់ ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នៅផ្លូវលេខ១២៥ កែង និងផ្លូវលំ ឬ(ផ្លូវឌឿងហែម) ក្នុងផ្ទះលេខ៥E៣ ជាន់ទី៣ ក្នុងភូមិ៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពឈ្មោះ ឈីម សុវណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះ តែម្នាក់ឯង ធ្លាប់មានប្រពន្ធតែលែងលះគ្នា ហើយថែមទាំងមានជំងឺប្រចាំកាយទៀត ។

យោងតាមសម្ដីប្រជាពលរដ្ឋដែលរស់នៅជិតខាង បានឲ្យដឹងថា ដំបូងឡើយពួកគាត់ឡើងចុះឡើងចុះកាត់មុខផ្ទះជនរងគ្រោះតែមិនចាប់អារម្មណ៍នោះទេ ទាល់តែថ្ងៃកើតហេតុខាងលើ ស្រាប់តែមានក្លិនស្អុយពេក ទើបគាត់អើតមើលទៅក៏ប្រទះឃើញសាកសពបុរសរងគ្រោះ ដេកស្លាប់នៅក្នុងផ្ទះរបស់គាត់ដោយបិទទ្វារចាក់សោពីខាងក្នុង និងមានឈាមហូរលើឥដ្ឋឡើងខ្មៅទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះជាសព រស់នៅក្នុងផ្ទះនេះតែម្នាក់ឯង ព្រោះគាត់ទើបតែបានលែងលះគ្នាជាមួយប្រពន្ធ ហើយកន្លងមកគាត់មានជំងឺ​ប្រចាំកាយផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចត្រួតពិនិត្យសពរួចបានសន្និដ្ឋានថា ជនរងគ្រោះទំនងងងឹតមុខដួលបោកក្បាលបែក បណ្តាលឲ្យស្លាប់ ។

បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិរបស់ជនរងគ្រោះ(សព) នៅឯខេត្តកំពង់ចាមមកទទួលយកធ្វើបុណ្យតាមប្រពៃណី ៕ ស រស្មី

 


ចែករំលែក៖