ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិស្បែកខ្មៅម្នាក់ បង្កគ្រោះថ្នាក់ចរាចរ ហើយបង្កហិង្សាទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ បានធ្វើឲ្យបុរសជនជាតិស្បែកខ្មៅម្នាក់ ប្រើហិង្សាទៅលើបុរសអ្នកដំណើរម្នាក់ទៀត ក្រោយជនបរទេសនោះបានចោទប្រកាន់ជនរងគ្រោះថាជាអ្នកលួចទូរស័ព្ទរបស់ខ្លួន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ម្តុំវិមានឯករាជ្យ ស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គឺមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តព្រូស ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AS-3117 បើកបរដោយបុរសជនជាតិស្បែកខ្មៅម្នាក់ បានទៅបុកជាមួយម៉ូតូឡាំប្រឺតាឥណ្ឌា (Pass App) ដែលកំពុងបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខនឹងក្រុមហ៊ុនទូរស័ព្ទ Cellcard ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យរងការខូចខាត ។ ភ្លាមនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមឃាត់បានហៅមកដោះស្រាយគ្នានៅកន្លែងកើតហេតុវិញ ។

ប្រភពដដែលបន្តថា ខណៈកំពុងតែដោះស្រាយរួច ភាគីខាងបុរសជនជាតិស្បែកខ្មៅជា អ្នកបើករថយន្តបង្កហេតុ បាននិយាយចរចាគ្នាដោយប្រាប់ភាគីជនរងគ្រោះខាងម៉ូតូឡាំប្រឺតាឥណ្ឌា (Pass App)ថា នឹងសងថ្លៃខូចខាតឲ្យ ដោយរូបគេបើករថយន្តទៅយកលុយនៅម្តុំខណ្ឌសែនសុខ ។ ប៉ុន្តែអ្វីដែលហួសចិត្តនោះ ជនជាតិស្បែកខ្មៅខាងលើ គិតតែពីបើករថយន្តពង្វៀងផ្លូវពេញក្រុងភ្នំពេញ មិនដឹងទៅណាឲ្យប្រាកដ រួចក៏វិលត្រឡប់មកម្តុំវិមានឯករាជ្យវិញ ដោយស្ថិតក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ស្រាប់តែក្រោយមក ក៏កើតរឿងរ៉ាវថាខ្លួនបាត់ទូរស័ព្ទ ដោយបុរសជនជាតិស្បែកខ្មៅ បានចោទប្រកាន់ទៅលើបុរសម្នាក់ផ្សេងទៀតថា ជាអ្នកលួចទូរស័ព្ទរបស់ខ្លួន រហូតឈានទៅដល់ការប្រើហិង្សា វាយទៅលើបុរសរូបនោះបណ្ដាលឲ្យរបួស ភ្លាមនោះ សមត្ថកិច្ចនៅក្បែរនោះបាននាំគ្នាចាប់ជនដៃដល់តែម្តង ។ បន្ទាប់មកសមត្ថកិច្ចចាប់ជនបរទេសនោះហើយ ទើបដឹងថា ទូរស័ព្ទរបស់គាត់ជ្រុះ ត្រូវបានបុរសអ្នកបើកម៉ូតូឡាំប្រឺតា ជាអ្នករើសទុកឲ្យសោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនជនបរទេសខាងលើនេះ (ជនបង្កហេតុ) រួមនិងភាគីម៉ូតូឡាំប្រឺតារងគ្រោះ ព្រមទាំងបុរសរងគ្រោះ ដែលត្រូវគេវាយយកទៅកាន់ប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ហើយភាគីខាងបុរសរងគ្រោះ បានដាក់ពាក្យបណ្តឹងប្តឹងទៅកាន់បុរសអ្នកបើករថយន្តព្រូសជាជនបរទេស ដើម្បីកសាងសំណុំរឿងដោះស្រាយគ្នាតាមច្បាប់ ៕ ស រស្មី


ចែករំលែក៖