ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានិកទាំងអស់ដែលបើកយន្តហោះប្រភេទ Boeing 737 ត្រូវហ្វឹងហាត់បន្ថែម ពីសុវត្ថិភាព

ចែករំលែក៖

ក្រោយពេលមានហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air សម្លាប់មនុស្ស ១៨៩នាក់មក ការហ្វឹកហាត់បន្ថែមក៏បានចាប់ផ្តើម​ទៅលើអាកាសយានិកទាំងអស់ ទៅលើបញ្ហាដែលមិនធ្លាប់ជួបប្រទះពីមុនមក ក៏ដូចជា មិនមាននៅក្នុងសៀវភៅ នៃការហោះហើររបស់ យន្តហោះប្រភេទនេះ។

តាមព័ត៌មានដែលយកបានពីប្រអប់ខ្មៅផ្ទុកទិន្នន័យហោះហើរ របស់យន្តហោះ Boeing 737 MAX ដែលធ្លាក់នោះកាលពីសប្តាហ៍មុន បានជំរុញឲ្យទីភ្នាក់ងារគ្រប់គ្រងវិស័យអាកាសចរណ៍អាមេរិក FAA ចេញសេចក្តីបង្គាប់ជាបន្ទាន់មួយ ដែលស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ធ្វើបច្ចុប្បន្ន សៀវភៅណែនាំការហោះហើររបស់ពួកគេ។

សេចក្តីបង្គាប់នោះបានរំលឹកអាកាសយានិកឲ្យប្រុងប្រយ័ត្ន ចំពោះប្រព័ន្ធកុំព្យូទ័រនៅលើយន្តហោះ Boeing 737 MAX ដែល Boeing បានបំពាក់ដើម្បីបង្ការ កុំឲ្យមានការគាំងម៉ាស៊ីននោះ ដែលអាចធ្វើឲ្យយន្តហោះសំយ៉ុងក្បាលចុះក្រោមយ៉ាងគំហុកភ្លាមៗរហូតដល់១០វិនាទី ក្នុងស្ថានការណ៍ណាមួយ សូម្បីតែនៅពេលដែលពីឡុតកំពុងកាន់ចង្កូតបញ្ជាផ្ទាល់ក៏ដោយ ខណៈប្រការនេះអាចបង្កផលលំបាកខ្លាំងក្នុងការព្យាយាមគ្រប់គ្រងយន្តហោះ។

បើតាមក្រុមអ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី បញ្ហាខាងលើពុំត្រូវបានចែងនៅក្នុងសៀវភៅហោះហើរក៏ដោយ ក្រុមអាកាសយានិកនៅមានបញ្ជីត្រួតពិនិត្យមួយទៀត សម្រាប់ឲ្យពីឡុតបិទប្រព័ន្ធខុសប្រក្រតីនានា នៅពេលដែលយន្តហោះ ចាប់ផ្តើមដាំក្បាលចុះក្រោមខុសពេលវេលា ។

ដូច្នេះហើយ ក្រុមអ្នកស៊ើបអង្កេត នឹងស្រាវជ្រាវតទៀតថា តើក្រុមអាកាសយានិករបស់យន្តហោះ Lion Air ដែលជួបគ្រោះអាក្រក់នោះ បានត្រួតពិនិត្យមើលបញ្ជីដែលគេហៅថា Checklist នេះឬក៏អត់ ហើយបើបានត្រួតពិនិត្យ តើពួកគេមានពេលគ្រប់គ្រាន់ ដើម្បីបិទប្រព័ន្ធសំយ៉ុងក្បាលយន្តហោះ ដោយស្វ័យប្រវត្តិ នៅពេលហោះហើរក្នុងរយៈកម្ពស់ត្រឹមជាង ១,៥០០ម៉ែត្រដែរ ឬយ៉ាងណា។

យ៉ាងណាមិញ ដើម្បីបកស្រាយចម្ងល់នេះបានទាំងស្រុង អ្នកស៊ើបអង្កេតអាចនឹងត្រូវការព័ត៌មានពីប្រអប់ខ្មៅមួយទៀត ដែលផ្ទុកសំឡេងសន្ទនានៅក្នុងបន្ទប់ពីឡុត ដែលរកមិនទាន់ឃើញនៅឡើយ។

គួរជម្រាបថា របាយការណ៍បឋមនៃការស៊ើបអង្កេត ជុំវិញករណីធ្លាក់យន្តហោះខាងលើ ក៏នឹងត្រូវចេញផ្សាយនៅថ្ងៃទី២៨ ឬទី២៩ ខែវិច្ឆិកាផងដែរ ពោលគឺប្រមាណ១ខែ ក្រោយយន្តហោះ Boeing 737 Max របស់អាកាសចរណ៍ Lion Air បានធ្លាក់ទៅក្នុងសមុទ្រខេត្តជ្វា នៃប្រទេសឥណ្ឌូណេស៊ី ដោយបានផ្តាច់ជីវិតមនុស្សទាំង ១៨៩នាក់ ដែលជិះនៅលើនោះ៕ ម៉ែវ សាធី


ចែករំលែក៖