ព័ត៌មានទាន់ហេតុការណ៍៖

ត្រូវមានវិធានការ ការពារជនភៀសខ្លួន នៅព្រំដែនអាមេរិក ម៉ិចស៊ីកូ

ចែករំលែក៖

ក្រុមជនភៀសខ្លួននៅតំបន់ព្រំដែនម៉ិចស៊ីកូ កំពុងប្រឈមនូវវិបត្តិ ជាទ្រង់ទ្រាយធំនឹងកង្វះគ្រប់យ៉ាង ។ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិ បានព្រមានថា ក្រុមជនភៀសខ្លួន មកពីតំបន់អាមេរិក កណ្តាល ចូលមកដល់ព្រំដែនអាមេរិក -ម៉ិចស៊ីកូ កំពុងប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង ។ ដូច្នេះចាំបាច់ត្រូវតែមានវិធានការ ការពារក្រុមជនភៀសខ្លួនឲ្យបានល្អបំផុត ។

នៅក្នុងលិខិតរួមផ្ញើទៅកាន់រដ្ឋាភិបាល បណ្តាប្រទេស Guatemala, Honduras, Mexico និងអាមេរិក ក្រុមអ្នកឯកទេសរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ក្រុមជនភៀសខ្លួន ជាបុគ្គលងាយរងគ្រោះបំផុត ដោយប្រឈមនឹងកង្វះការមើលថែសុខាភិបាល ទឹកផឹក អានាម័យ ស្បៀងអាហារ និងកន្លែងស្នាក់នៅ ។

តាមក្រុមអ្នកឯកទេសបានលើកឡើងថា ជាជាងការបំប៉ោង ភាពតានតឹង និងចងកំហឹង គំរាមកំហែង រដ្ឋាភិបាលបណ្តាប្រទេស ចាំបាច់ត្រូវតែដោះស្រាយដោយមានតម្លាភាព ទៅលើភាពក្រីក្រ អំពើហិង្សា អសន្តិសុខ និងបំពុលបរិស្ថាន ដែលជាមូលហេតុ ចម្បងនាំឲ្យមានជនភៀសខ្លួនកាន់តែច្រើន ចូលទៅកាន់អាមេរិក ។

តាំងពីពាក់កណ្តាលខែតុលា កន្លងមក ក្រុមជនភៀសខ្លួនបានចាប់ផ្តើម ធ្វើដំណើរ ផ្លូវវែងឆ្ងាយ រហូតដល់ទៅ ៤.៣០០គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញពីទីក្រុង San Pedro Sula របស់ប្រទេស Honduras ទៅកាន់ ទីក្រុង Jijuana របស់ប្រទេសម៉ិចស៊ីកូ ។ ភាគច្រើនជនភៀសខ្លួន មកពីបណ្តាប្រទេស ស្ថិតនៅតំបន់ត្រីកោណភាគខាងជើង អាមេរិក កណ្តាល ។ ក្រសួងមហាផ្ទៃ ម៉ិចស៊ីកូ បានបញ្ជាក់ថា មកទល់ពេលនេះ មានមនុស្ស ជាង ៨០០០នាក់ បានទៅដល់ព្រំដែនអាមេរិក ម៉ិចស៊ីកូ ។

ចំពោះស្ថានភាពខាងលើ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានស្នើដល់ក្រសួងការពារជាតិអាមេរិក បង្កើនកម្លាំងការពារនៅតាមព្រំដែន ទប់ស្កាត់ជនខិលខូច ក្រុមភេរវកម្ម បន្លំចូលជាមួយជនភៀសខ្លួន បំផ្លាញសន្តិសុខសណ្តាបធ្នាប់ក្នុងសង្គម ៕ ម៉ែវ សាធី

 


ចែករំលែក៖