ខេត្តកណ្ដាល៖ បុរសជាអ្នកលក់ចាប់ហួយម្នាក់ ឃើញនារីទិញឥវ៉ាន់របស់ខ្លួនស្អាត ទាញដៃចូលទៅក្នុងផ្ទះ រួចធ្វើសកម្មភាពឱបថើប ធ្វើឲ្យនារីរងគ្រោះភ័យស្រែកស្លន់ស្លោ រួចទៅប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនជនសង្ស័យ ។
ករណីប្រទូស្ដកេរ្តិ៍ខ្មាស់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ី សាំងឆ័ង ភេទប្រុស អាយុ៤០ឆ្នាំ (មានបណ្ណរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត) ផ្នែកជំងឺផ្លូវចិត្ត មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកនារីរងគ្រោះឈ្មោះ ខ ស.ត អាយុ១៦ឆ្នាំ ស្រុកកំណើត ខេត្តកំពង់ចាម ។ បច្ចុប្បន្នស្នាក់នៅ ខេត្តកណ្តាល ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ ក្មេងស្រីរងគ្រោះ និងឈ្មោះ ហាវ ស្រីនិត បានមកទិញអំបិលនៅផ្ទះជនសង្ស័យ ទិញរួច នារីរងគ្រោះបានហុចលុយក្រដាស់១០,០០០រៀល ឲ្យទៅជនសង្ស័យអាប់ ភ្លាមនោះ ជនសង្ស័យមានចិត្តស្រឡាញ់នារីរងគ្រោះ ក៏បានចាប់ដៃនារីរងគ្រោះចូលក្នុងផ្ទះរបស់ខ្លួន រួចធ្វើសកម្មភាពចាប់ដៃជនរងគ្រោះឱបថើប និងសើយអាវយីតឡើងលើយកដៃទាំងពីរច្របាច់ ខណៈនោះនារីរងគ្រោះបានរើបម្រះ ស្រែកយ៉ាងខ្លាំង ភ្លាមនោះដែរ ឈ្មោះ ហាវ ស្រីនិត បានចូលទៅមើលឃើញជនសង្ស័យធ្វើសកម្មភាពដូចនោះ ក៏មកច្រានជនសង្ស័យចេញ រួចនាំ នារីរងគ្រោះដើរទៅរាយការណ៍ប្រាប់មេការឡឥដ្ឋឈ្មោះ ធឿង រាវ ជួយហៅកម្លាំងនគរបាលចាប់ខ្លួន ។ លុះមកដល់ថ្ងៃទី២៨ ខែឆ្នាំដដែល វេលាម៉ោង១៦ កម្លាំងនគរបាលប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ