ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹទ្ធសភាកម្ពុជា ឯកភាពឲ្យរាជរដ្ឋាភិបាល ធ្វើបត្យាប័នអ្នកទោស ជាមួយសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំង និង ទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ក្នុងក្របខណ្ឌទ្វេភាគី និងអន្តរជាតិ ព្រឹទ្ធសភាកម្ពុជា បានឯកភាពឲ្យរាជរដ្ឋាភិបាល ធ្វើបត្យាប័ន អ្នកទោសជាមួយសហព័ន្ធរុស្ស៊ី ។

បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីថ្ងៃទីថ្មីៗនេះ លោក ម៉ម ប៊ុន នាង សមាជិក និង ជាអ្នក នាំពាក្យ ព្រឹទ្ធសភាមានប្រសាសន៍ថា អង្គព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័ន រវាងកម្ពុជា នឹងសហព័ន្ធរុស្ស៊ីទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដើម្បី បើកផ្លូវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ី ដែលអាចចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំង នឹងភេរវកម្មការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម និងការប្រឆាំងអំពើពុករលួយ ។

លោក កិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា បន្ទាប់ច្បាប់នេះ បានដាក់ឲ្យប្រើប្រាស់រួចហើយនោះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្នុងការលុបបំបាត់ ឧក្រិដ្ឋកម្ម ដោយឈរលើគោលការណ៍ គោរពនូវអធិបតេយ្យភាព សមភាព និងមានផលប្រយោជន៍ ទៅវិញ ទៅមក និងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្ម ក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ។

គួរបញ្ជាក់ថា សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ ចុះហត្ថលេខា កាលពីខែកុម្ភៈ ឆ្នាំ២០១៧ នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយព្រមព្រៀងធ្វើបត្យាប័នទៅភាគីម្ខាងទៀត នូវជនទាំងឡាយណា ដែលត្រូវបាន រកឃើញនៅលើទឹកដី នៃភាគីណាមួយ ហើយកំពុងត្រូវគេតាមចាប់ខ្លួនដើម្បី ចោទប្រកាន់ ជំនុំជម្រះក្តី ឬអនុវត្តទណ្ឌកម្មតាមទោសកំណត់នៅលើទឹកដីរបស់ភាគីម្ខាងទៀត ចំពោះបទល្មើសណាមួយ ៕ សហការី


ចែករំលែក៖