ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ មុននឹងអញ្ជើញជាអធិបតីក្នុងពិធីបើក ក៏ដូចជាអបអរសាទរខួបលើកទី២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ នៅសណ្ឋាគារសុខា សៀមរាបនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិក្សាការងារជាមួយលោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ
ក្នុងជំនួបនោះ លោកជំទាវ Audrey Azoulay បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយសហប្រធាន ICC Angkor ដែលមានបារាំង និងជប៉ុន រួមគ្នាសម្ដែងនូវការអបអរសាទរខួបទី២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរអប្សរា ដែលបានប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងពេញទំហឹង ក្នុងការការពារ និងអភិរក្ស បេតិកភណ្ឌពិភពលោកនេះ ហើយក្នុងឱកាសនេះដែរ លោកជំទាវ បានមានប្រសាសន៍ថា ការចូលរួមអបអរសាទរខួបទី២៥ឆ្នាំនេះ គឺជាការចូលរួមអបអរសាទរនៃភាពជ័យជាគំរូក្នុងការការពារ និងអភិរក្សបេតិកភណ្ឌពិភពលោក ជាពិសេសអង្គរវត្ត ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ក្នុងន័យនេះលោកជំទាវ រួមទាំងសហប្រធានដែលមានបារាំង និងជប៉ុន បានប្ដេជ្ញាចិត្តបន្តជួយថែរក្សាការពារបេតិកភណ្ឌពិភពលោកអង្គរវត្ត ហើយនឹងចូលរួមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលជាបញ្ហាប្រឈមដែលកើតមាន ដើម្បីធ្វើយ៉ាងណារក្សាប្រាង្គប្រាសាទនេះ សម្បត្តិបេតិកភណ្ឌពិភពលោកនេះ សម្រាប់ជំនាន់ក្រោយក្រោយតៗទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនប្រតិភូយ៉ាងសង្ខេបអំពីប្រវត្តិមុនសង្រ្គាមនិងក្រោយសង្រ្គាម ក្នុងការការពារអភិរក្សអង្គរវត្ត និងឈានទៅដាក់អង្គរវត្តអោយក្លាយទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ជាមួយនោះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូអំពីបញ្ហាប្រឈមជាសង្ខេបផងដែរ ហើយក៏បានមានប្រសាសន៍ ថានេះជាមោទនភាពមួយ ហើយគឺជាកិត្តិយសដល់អង្គរវត្ត ត្រូវបានដាក់បញ្ចូលជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏បានសម្ដែងនូវអំណរគុណជូនដល់ជប៉ុន ដែលបានផ្ដួចផ្ដើមគំនិតក្នុងការដាក់អង្គរវត្ត ឲ្យទៅជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏បានអរគុណចំពោះសហប្រធានដែលបានចូលរួមក្នុងពិធីអបអរសាទរខួបទី២៥ឆ្នាំ ក្នុងការដាក់អង្គរវត្តជាទ្រព្យសម្បត្តិបេតិកភណ្ឌពិភពលោកនេះ ។
សម្ដេចតេជោ បានមានប្រសាន៍បញ្ជាក់ថា នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយ ដែលសម្តេចតេជោ ក្នុងនាមជានាយករដ្ឋមន្រ្តី មកបើកកម្មវិធីនេះ ហើយក៏នឹងមានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងបិទកម្មវិធីនេះផងដែរ។ សម្ដេចតេជោក៏បានជូនពរដល់គណៈប្រតិភូអង្គការយូណេស្កូ ក៏ដូជាសហប្រធានទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន និងជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់ទៀត៕