ក្រោយពេលដែលអាមេរិកបានរិះគន់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររបស់រុស្ស៊ី Tu-160 ដែលរុស្ស៊ីបញ្ជូនទៅចូលរួមធ្វើសមយុទ្ធនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ថា ជាយន្តហោះសម្រាប់ដាក់តំាងនៅសារមន្ទីរប៉ុណ្ណោះ មិនមានប្រសិទ្ធភាពនៅក្នុងការធ្វើសង្គ្រាមនោះ ពេលនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានចាត់ទុកមីស៊ីល Tomahawk របស់អាមេរិកថា មិនមានសមត្ថភាពឡើយ ក្នុងការវាយប្រហារនៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ដោយសារតែមីស៊ីលនោះ ខុសគោលដៅ ដល់ទៅ៧០ភាគរយ ។
ប្រធានាធិបតី ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីការពារជាតិ កាលពីថ្ងៃទី១៨ ខែធ្នូ ថា «ការពិតមីស៊ីល Tomahawk ដ៏ល្បីល្បាញ់របស់អាមេរិក មួយរយៈពេលកន្លងមក ពេលវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី គឺមានប្រសិទ្ធភាព តែ៣០ភាគរយប៉ុណ្ណោះ ។ កាំជ្រួចមីស៊ីលទាំងនោះ ចាំបាច់ត្រូវតែកែប្រែឲ្យបានទំនើបជាងនេះ» ។
កាលពីខែមេសា ឆ្នាំ២០១៨ សម្ពន្ធមិត្តដែលមានអាមេរិក អង់គ្លេស បារាំង បានបើកការវាយប្រហារដោយ មីស៊ីល Tomahawk រហូតដល់ទៅ១០៣ដើម ។ ក្នុងចំណោមនោះ ប្រព័ន្ធការពារមីស៊ីលរបស់ស៊ីរី បានបាញ់ទម្លាក់ រហូតដល់ទៅ៧១គ្រាប់ ។
ដោយសារតែមីស៊ីលខាងលើ មិនមានប្រសិទ្ធភាពខ្ពស់ រុស្ស៊ីបានផលិតមីស៊ីលដែលមានសមត្ថភាព ក្នុងការប្រឆំាងនឹងមីស៊ីលនោះ ប្រកបដោយប្រសិទ្ធភាព ។ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នោះដែរ លោក ពូទីន បានលើកកម្ពស់មីស៊ីលទំនើបៗបំផុតរបស់ខ្លួនដែលធ្វើឲ្យសត្រូវ ចាំបាច់ត្រូវ តែពិចារណាឡើងវិញ ។
លោកពូទីន ក៏បានបញ្ជាក់ទៀតថា នឹងបន្តផលិត មិស៊ីលទំនើបៗជាច្រើនទៀត ក្នុងនោះមាន មីស៊ីលល្បឿនលឿន Avangard និងមីស៊ីល ឆ្លងទ្វីប Sarmat ដែលអាចវាយប្រហារទៅលើគោលដៅប្រកបដោយជោគជ័យ ។ ជាមួយគ្នានេះ មីស៊ីល Kinzhal និងប្រព័ន្ធ អាវុធ ឡាស៊ែរ យន្តហោះចម្បាំង Peresvet នឹងដាក់ឲ្យប្រើប្រាស់ ក្នុងជួរកងទ័ពរុស្ស៊ី នាពេលដ៏ខ្លីខាងមុខនេះ ៕