រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin នៅថ្ងៃទី១៩ ខែធ្នូ បានប្រកាសថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ លើពិភពលោក នឹងជួបពិភាក្សាគ្នាជាផ្លូវការ ស្តីអំពីវិស័យពាណិជ្ជកម្ម ក្នុងខែមករា ឆ្នាំ២០១៩ ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនដែលលើកឡើងពីបញ្ហាពិភាក្សានោះឡើយ ពីមុនមក ក្រោយពេលលោកសម្រេចផ្អាកដំឡើងពន្ធដាក់គ្នា ក្នុងរយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ដល់បំណាច់ខែកុម្ភៈ ឆ្នាំ២០១៩ ។ តាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក និងចិន នឹងមានកិច្ចពិភាក្សាគ្នាជាច្រើនលើក ក្នុងពេលខាងមុខ ស្តីពីវិស័យពាណិជ្ជកម្ម ។
លោក Steven Mnuchin បាននិយាយទៅកាន់សារព័ត៌មាន Bloomberg ថា «យើងកំពុងស្ថិតនៅក្នុង ការរៀបចំជំនួបជាច្រើនលើក នៅពេលខាងមុខ ។ យើងបានប្តេជ្ញាធានា និងដោះស្រាយបញ្ហាខាងលើ បានដោយជោគជ័យ ឲ្យពេលកំណត់៩០ថ្ងៃ»។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានខិតខំជំរុញឲ្យទីក្រុងប៉េកាំងផ្លាស់ប្តូរ ទម្រង់សេដ្ឋកិច្ច អាចជួយឲ្យមានតម្លាភាពពាណិជ្ជកម្មទ្វេភាគី ។
ពាក់ព័ន្ធនឹងក្តីបារម្ភជុំវិញការចាប់ខ្លួន អគ្គនាយកហិរញ្ញវត្ថុ ក្រុមហ៊ុន Huawei រដ្ឋមន្ត្រី Steven Mnuchin បានបញ្ជាក់ថា ភាគីចិន បានយល់យ៉ាងច្បាស់ថា នេះជារឿងពីរដាច់ដោយឡែកពីគ្នា ។
នៅមុនកិច្ចពិភាក្សាចាប់ផ្តើម ចិនមានសកម្មភាពយោគយល់ជាច្រើនដល់អាមេរិក ក្នុងនោះមាន ការកាត់បន្ថយពន្ធនាំចូលរថយន្តពីអាមេរិក ព្រមទាំងនាំចូលសណ្តែកសៀងជាច្រើនពីអាមេរិកផងដែរ ៕