ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារអង់គ្លេសព្រមាន​អំពីភាពមិនច្បាស់លាស់​បញ្ហា Brexit

ចែករំលែក៖

ធានាគារអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍​បាន​ព្រមានថា ភាពមិនច្បាស់លាស់​ ទាក់ទង​ទៅនឹងបញ្ហា Brexit បានធ្វើឲ្យមានកំណត់សម្គាល់កាន់តែខ្លាំងឡើង ចាប់តាំងពីដើមខែវិច្ឆិកា​រៀងមក ហើយបាននិងកំពុងបន្ថែមទម្ងន់​ទៅលើសេដ្ឋកិច្ច​របស់អង់គ្លេសទាំងមូល ។

ខណៈគ្មានការសម្រេចជាឯកច្ឆ័ន្ទ​រក្សាឲ្យនៅដដែល ​អត្រា​ការប្រាក់​របស់ធនាគារ​​ត្រឹម​០.៧៥ភាគរយ​​តាមការរំពឹងគិតនោះ សមាជិក៩រូបនៃគណៈកម្ម​ការនេះ ​​បាន​កត់សម្គាល់ថា ភាពផ្ទុយ​មួយចំនួននៃការអភិវឌ្ឍន៍​សេដ្ឋកិច្ច​នោះ គឺស្ថិតនៅត្រង់បញ្ហាជាប់គាំងលើគម្រោង Brexit ។

អង់គ្លេសមានគម្រោង​ចាកចេញពីអឺរ៉ុប​នៅថ្ងៃទី២៩ ខែមីនា(ឆ្នាំក្រោយ) ប៉ុន្តែនាយករដ្ឋមន្ត្រី Theresa May មិនអាច​ទទួលបានសំឡេង​យល់​ព្រម​ពីអ្នកតំណាង​រាស្ត្រ​លើគម្រោង​ចាកចេញរបស់លោកស្រី​នោះឡើយ ហើយបានពន្យារពេល​ការបោះឆ្នោត​មួយ រហូត​ដល់ពាក់កណ្តាលខែមករា ឆ្នាំ២០១៩ ។

នៅពេលបច្ចុប្បន្ននេះ កិច្ចព្រមព្រៀងរបស់លោកស្រី ស្តីពីពាណិជ្ជកម្មជាដៃគូជិតស្និទ្ធរវាងអង់គ្លេស នឹងអឺរ៉ុបនោះ ហាក់កំពុងឆ្លងកាត់ការយល់ព្រមពីសភាយ៉ាងលំបាក ។ កង្វល់​បារម្ភ​ខ្លាំងបំផុត​នោះថា តើ​សេដ្ឋកិច្ច​អង់គ្លេស នឹងទៅជាយ៉ាងណា បើ​ចេញពីអឺរ៉ុប ​ដោយគ្មាន​កិច្ចព្រមព្រៀង ឬ​ការសម្បទានណាមួយ អំឡុងពេល​នៃការរៀបចំពាណិជ្ជកម្ម​សារជាថ្មីនេះ ។

ព្រមជាមួយគ្នានេះ ការធ្លាក់ចុះភាគហ៊ុន​របស់​អង់គ្លេស​ ដំណាក់កាលដែលធ្វើប្រតិបត្តិការដំបូង​ក្នុងប្រទេស និងការធ្លាក់ចុះនៃតម្លៃប្រាក់ ផោន នោះ បញ្ហានេះ អ្នកជំនាញ​​​ ប្រមើលមើលឃើញថា ការវិនិយោគ​ពាណិជ្ជកម្ម​​​ក្នុងប្រទេសនេះ ប្រហែលស្ថិតក្នុងកម្រិតមួយខ្សោយ និងជះឥទ្ធិពលអាក្រក់​ដល់ផ្នែកទីផ្សារ ។ ក្រុមជំនាញ​លើកឡើងទៀតថា ថែមទម្ងន់​ពីលើនេះទៀតនោះ ភាពមិនច្បាស់លាស់របស់ Brexit បូករួមបញ្ហាសេដ្ឋកិច្ចសាកល​​មានកំណើតយឺតយ៉ាង ក៏ធ្វើឲ្យប៉ះពាល់ផងដែរដល់ទស្សនវិស័យ​​ស្តីអំពីកំណើន​សេដ្ឋកិច្ច​របស់អង់គ្លេស ។

ខាងធនាគារ​គេបានឲ្យដឹងថា សេដ្ឋកិច្ចអង់គ្លេស​ទំនង​កើន​ត្រឹម០.២ភាគរយ​ប៉ុណ្ណោះ នៅត្រីមាសទី៤ នៃឆ្នាំ ហើយបើគិតពីក្នុងអំឡុងពេល៣ខែកន្លងទៅ មានប្រមាណ០.១ភាគរយ​ ធ្លាក់ចុះ បើប្រៀបកាលពីខែមុន ។

សេដ្ឋកិច្ច​អង់គ្លេស​ចាប់ផ្តើមធ្លាក់ចុះ​តាំងពីប្រទេសនេះ​បោះឆ្នោតសម្រេចចាកចេញពីអឺរ៉ុប​កាលពីខែមិថុនា ឆ្នាំ២០១៦ ។ ក្រុមអ្នកសេដ្ឋកិច្ច​បានព្រមាន​ពីសក្តានុពលឈានដល់​វិបត្តិធ្ងន់ធ្ងរ ប្រសិនបើ​ កិច្ចព្រមព្រៀង Brexit មិនកើតឡើង​តាមពេលដែលបានគ្រោងទុកទេនោះ ។

ខែមុននេះ ធនាគារ​អង់គ្លេស​​បាន​ជួបបញ្ហា​ដែលមិនធ្លាប់​មានក្នុងប្រវត្តិ​របស់ខ្លួន គឺមានការធ្លាក់​ចុះ​រហូតដល់៨​ភាគរយត្រឹមតែពេលពីរទៅបីខែប៉ុណ្ណោះ និងធ្វើឲ្យមានអ្នកការងារធ្វើ​ជាច្រើន ។

សម្រាប់អ្នកសេដ្ឋកិច្ច​អង់គ្លេសភាគច្រើនយល់ថា ការជាប់គាំង​របស់សភាពេលនេះ គឺជាក្តីកង្វល់​បំផុត ជាពិសេស​អ្នកទាំងឡាយនោះ ដែលពឹងអាស្រ័យ​លើជំនួញ​នៅអឺរ៉ុប ។ ទាំងនេះ​ហើយជាការពន្យល់ពីមូលហេតុ​នាំឲ្យការវិនិយោគរបស់អង់គ្លេសធ្លាក់ចុះនោះ៕


ចែករំលែក៖